កិច្ចប្រជុំកម្រិតបច្ចេកទេសស្តី ពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាមួយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត


កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាមួយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារបច្ចេកទេស និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត តាមប្រព័ន្ធអនឡាញ ជាច្រើនរូប។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានមានប្រសាសន៍ពីគោលដៅនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលទិន្នន័យរចនាសម្ព័ន្ធអង្គភាពអប់រំ អង្គភាពសុខាភិបាល និងមន្រ្តីបម្រើការងារតាមអង្គភាពនីមួយៗ និងការវិភាគទិន្នន័យក្នុងការពង្រាយមន្រ្តី ការប្រើប្រាស់មន្រ្តី ការជ្រើសរើសមន្រ្តីឱ្យមានប្រសិទ្ធភាព ក៏ដូចជាការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន និងលើកកម្ពស់គុណភាពវិស័យអប់រំនិងសុខាភិបាល។ ទន្ទឹមនោះអង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ទៅលើចំណុចសំខាន់ៗរួមមាន៖ ១.អំពីប្រព័ន្ធបច្ចេកទេស ២.គោលដៅ ៣.មុខងារប្រព័ន្ធ ៤.រំហូរប្រព័ន្ធ ៥.ប្រភេទចំណាយលើគម្រោង ៦.វឌ្ឍនភាពការងារ និង ៧.ការអនុវត្តបន្តដើម្បីធ្វើបច្ចុប្បន្នភាព។


ចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើសុំឱ្យក្រុមការងារធ្វើរបាយការណ៍ឱ្យបានរួចរាល់ក្នុងសប្តាហ៍ទី៣ ខែមិថុនា និងធ្វើរបាយកាណ៍សង្ខេបកិច្ចការវឌ្ឍនភាពការងារជារៀងរាល់សប្តាហ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងជួយបណ្តះបណ្តាលមន្ទីរមុខងារសាធារណៈឱ្យយល់ដឹងពីទម្រង់ប្រព័ន្ធការងារនេះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១