ការរៀបចំឯកសារគតិយុត្តជុំវិញ «អនុក្រឹត្យស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ» បានឈានមកដល់កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន
បន្ទាប់ពីបានពិភាក្សាពីទិដ្ឋភាពបច្ចេកទេសជាច្រើនលើកច្រើនសាររួចមក អនុក្រឹត្យស្តីពីប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ បានឈានដល់ការដាក់ជូនក្រសួង ស្ថាប័នផ្សេងៗ ដើម្បីផ្តល់ជូននូវមតិយោបល់ធាតុចូល ដើម្បីធ្វើយ៉ាងណាឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ សម្រាប់ការដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចនូវការអនុវត្តបានឆាប់រហ័ស។
ដើម្បីជំរុញការងារនេះឲ្យបានឆាប់រហ័ស ឯកឧត្តមយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សានិងប្រមូលធាតុចូល នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសាលាភូមិន្ទរដ្ឋបាល។
គួររំលឹកផងដែរថាប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម គឺជាសកម្មភាពគន្លឹះមួយក្នុងចំណោមសកម្មភាពចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមានក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាននៃគ.វ.រ. អ្នកដឹកនាំសម្របសម្រួល និងជំរុញការងារនេះ។