ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសួរផ្ទាល់មាត់) រយៈពេលមួយថ្ងៃពេញត្រូវបានបញ្ចប់
បេក្ខជនចំនួន ២០៨នាក់ (ស្រី ១១៨នាក់) បានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសួរផ្ទាល់មាត់) សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១៩:៣០នាទី។
បេក្ខជនចូលរួមប្រឡងប្រជែងលើវិញ្ញាសាសួរផ្ទាល់មាត់ ត្រូវឆ្លងកាត់ការធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ ហេតុប្បទ្ទេសរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ (ផ្អែកលើមុខតំណែង) ចំណេះដឹងអំពីការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ (បទពិសោធន៍ការងារ) សម្រាប់រយៈពេលពី ១៥នាទី ទៅ ២០នាទី ក្នុងបេក្ខជន១នាក់។
សូមជម្រាបថា នៅថ្ងៃស្អែក តាមការគ្រោងទុកបេក្ខជនចំនួន ១៥៣នាក់ (ស្រី ៨២នាក់) នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ (វិញ្ញាសាសួរផ្ទាល់មាត់) ចាប់ផ្តើមនៅវេលាម៉ោង ៧:០០នាទីព្រឹក៕