ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្របខណ្ឌនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។ ក្នុងនោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០០កន្លែង នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាលចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមបេក្ខជន អាណាព្យាបាល និងសាធារណជនជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែងនាពេលខាងមុខនេះ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ​ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១