ព្រឹកនេះការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២ ត្រូវបានចាប់ផ្តើម
ស្របតាមនិយាមនីតិវិធីប្រតិបត្តិជ្រើសរើសមន្ត្រីរាជការស៊ីវិល បានកំណត់៖ កំណែសន្លឹកកិច្ចការបេក្ខជន នឹងត្រូវចាប់ផ្តើមនៅព្រឹកបន្ទាប់ពីការប្រឡងប្រជែងជ្រើសរើសត្រូវបានបញ្ចប់។ ជាក់ស្តែងសម្រាប់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលកំណែ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវបានចាប់ផ្តើម។
មានវត្តមាននៅព្រឹកនេះ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ វីញ្ញាសាសរសេរលើកទី២ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យចូលរួមស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
សូមជម្រាបថា កំណែសន្លឹកកិច្ចការបានចាប់ផ្តើមពីម៉ោង ៨ៈ០០ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕