ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីវិស័យអប់រំ សម្រាប់ខេត្តស្វាយរៀងសម្រេចបានលទ្ធផល ១០០%


នៅក្នុងជំនួបជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង បានធ្វើរបាយការណ៍អំពីការងារជាច្រើន ក្នុងនោះការងារមួយដែលគួរឱ្យកត់សម្គាល់គឺការងារធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការវិស័យអប់រំ ដែលបានបញ្ចប់រួចរាល់១០០% សម្រាប់ខេត្តស្វាយរៀង។

ក្រោយបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់លោកប្រធានមនី្ទររួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងលើទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ស្តាប់និងអនុវត្តនូវអ្វីដែលជាគោលការរបស់ក្រសួង និងរាជរដ្ឋាភិបាល ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំទៅកាន់មន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ចំពោះកិច្ចការទៅមុខលើចំណុចមួយចំនួន រួមមាន៖ ១)ត្រូវរៀបចំបែបទ ទំហំការងារ និងចរន្តឯកសារឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពបុរេសកម្ម ចំពោះការអនុវត្តការងារស្នូលរបស់មន្ទីរ ការកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីកែប្រែចក្ខុវិស័យរបស់ សម្តេចធិបតី ឱ្យក្លាយជាការពិត ២)បន្តសហការជាមួយក្រុមការងារថ្នាក់ជាតិឱ្យមានភាពសកម្មភាព និងធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការវិស័យអប់រំ វិស័យសុខាភិបាល និងថ្នាក់ក្រោមជាតិ ៣)អភិវឌ្ឍនិងការប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់សក្កដានុពលនិងលទ្ធភាព ក្នុងការអនុវត្តការងារនិងបេសកកម្មរបស់មន្ទីរមុខងារសាធារណៈ។

សូមជម្រាបថា ជារឿយៗ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី តែងតែឆ្លៀតឱកាសជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ តាមបណ្តារាជធានីខេត្ត ដើម្បីជួបផ្ទាល់ សំណេះសំណាលផ្ទាល់ជាមួយគ្នា ក៏ដូចជាសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននៃមន្ទីរមុខងារសាធារណៈរាជធានីខេត្ត បន្ថែមលើកិច្ចប្រជុំប្រចាំខែដែលបានអនុវត្តជាប្រចាំ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១