ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយទម្រង់ទាំងពីរត្រូវដើរទន្ទឹមគ្នា


ក្រៅពីការដាក់ឱ្យអនុវត្ត និយាមនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងដឹកនាំអនុវត្តកន្លងមក សកម្មភាពការងារមួយផ្សេងទៀត នៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី គឺការរៀបចំគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ ព្រឹកនេះ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានដាក់ជូន សមាជិក សមាជិកា គ.វ.រ. បានចូលរួមផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ក្រោយពេលដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. បានរៀបចំកិច្ចប្រជុំ និងសិក្ខាសាលាពិគ្រោះយោបល់ ជាច្រើនលើកច្រើនសារ។

មានប្រសាសន៍ក្នុងបទបង្ហាញ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិ នៃ គ.វ.រ. បានលើកឡើងថា “ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយត្រូវដើរទន្ទឹមគ្នា ពោលគឺ ការជ្រើសរើសមន្ត្រីរាជការផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវមានការរៀបចំផែនការច្បាស់លាស់ មានព័ត៌មានមុខតំណែងដូចជា ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងច្បាស់លាស់ ឈ្មោះមុខតំណែង ឈ្មោះអង្គភាព និងទីតាំងភូមិសាស្ត្រ ឈ្មោះប្រធានអង្គភាព គណនេយ្យភាព តួនាទី និងការទទួលខុសត្រូវសម្រាប់មុខតំណែង ជាពិសេសគឺគុណវុឌ្ឍិ ឬលក្ខណៈសម្បត្តិស័ក្តិសមសម្រាប់មុខតំណែង។” […] “សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើសនិងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីក្នុងរដ្ឋបាលសាធារណៈ តាមកិច្ចសន្យាការងារ ដូចគ្នាទៅនឹងការអនុវត្តក្នុងវិស័យឯកជន ដែលមានលក្ខណៈទន់ភ្លន់ ប៉ុន្តែច្បាស់លាស់។” […] “កិច្ចការដែលកំពុងពិភាក្សានាពេលនេះ គឺជាការអនុវត្តតាមចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់ និងមោះមុតដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងគោលដៅដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។” ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែម។

សូមជម្រាបថា សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលកំពុងលើកយកមកពិគ្រោះយោបល់ព្រឹកនេះ មាន ៧ជំពូក និង៤៧មាត្រា។ ទស្សនាទានសំខាន់ៗដែលជាមូលដ្ឋានក្នុងការរៀបចំ ព្រះរាជក្រឹត្យនេះរួមមាន៖ (១) ការជ្រើសរើសមន្ត្រីផ្អែកលើមុខតំណែង៖ មុខតំណែងដែលត្រូវប្រឡងជ្រើសរើសនីមួយៗ ត្រូវតែជាតម្រូវការចាំបាច់ និងមានគ្រោងក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មុខតំណែងនីមួយៗ ត្រូវកំណត់អំពីគណនេយ្យភាពនៃការទទួលខុសត្រូវ កម្រិតប្រាក់បៀវត្សប្រចាំខែនៃមុខតំណែង និងការពិពណ៌នាមុខតំណែង (ឈ្មោះអង្គភាពនិងទីតាំងភូមិសាស្រ្ត, តួនាទីនិងការទទួលខុសត្រូវ, និងគុណវុឌ្ឍិសម្រាប់មុខតំណែង–កម្រិតសញ្ញាបត្រ ជំនាញវិជ្ជាជីវៈ បទពិសោធន៍ សមត្ថភាពអនុវត្តការងារជាក់ស្តែង និងឥរិយាបថរបស់មន្ត្រី ជាដើម)។ (២) ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ៖ បង្កើតយន្តការរួមមួយដែលមានលក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ដែលផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាពជួបពិភាក្សា និងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ។ មន្រ្តីដែលត្រូវបានជ្រើសរើស ត្រូវគោរពនិងអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារ (ដូចប្រព័ន្ធការងារក្នុងវិស័យឯកជន)។ (៣) ការផ្តល់បៀវត្សនិងអត្ថប្រយោជន៍៖ មន្ត្រីផ្អែកតាមកិច្ចព្រមព្រៀងការងារ ទទួលបានបៀវត្សនិងប្រាក់រង្វាន់លើកទឹកចិត្តផ្អែកលើសមិទ្ធកម្មការងារជាក់ស្តែងរបស់មន្ត្រី ព្រមទាំងទទួលបានអត្ថប្រយោជន៍ សិទ្ធិ កាតព្វកិច្ច ការថែទាំសុខភាព ហានិភ័យការងារ និងរបបសន្តិសុខសង្គម ដូចគ្នានឹងមន្ត្រីក្របខណ្ឌ និង (៤) ការវាយតម្លៃសមិទ្ធកម្ម៖ ការបំពេញការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានតាមដានត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ ដើម្បីផ្តល់ការលើកទឹកចិត្ត ការវិវឌ្ឍន៍អាជីព ឬ បន្ត ឬ បញ្ចប់កិច្ចព្រមព្រៀងការងារ។ សម្រាប់ខ្លឹមសារលម្អិតនៃព្រះរាជក្រឹត្យ ក្រសួងមុខងារសាធារណៈ នឹងធ្វើវឌ្ឍនភាពជាបន្តបន្ទាប់ និងក្រោយពេលព្រះរាជក្រឹត្យនេះត្រូវបានសម្រេចដាក់ចេញជាស្ថាពរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១