កម្ពុជា-ថៃ ផ្តាស់ប្តូរបទពិសោធន៍គ្នា លើឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសារធារណៈ កម្រិតមូលដ្ឋាន


អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យសុខាភិបាលឆ្នាំ២០២៣ ចំនួន១០អង្គភាព ដែលទើបទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ ក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ។


មានប្រសាសន៍ក្នុងទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ជាមួយតំណាងក្រសួងសុខាភិបាលថៃ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា “ម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង១០  ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការលើកទឹកចិត្តឱ្យមកធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស  ក្រោយពីការខិតខំប្រឹងប្រែង ប្រែក្លាយមណ្ឌលសុខភាពរបស់ខ្លួន ឱ្យក្លាយជាមណ្ឌលសុខភាពគំរូនៅទូទាំងប្រទេស។” ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា “ដំណើរទស្សនកិច្ចសិក្សានេះ ជាវេទិកាចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការចែករំលែកនូវបទពិសោធន៍ពីអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់អង្គភាពផ្តល់សេវាសាធារណៈរបស់ព្រះរាជាណាចក្រថៃ និងការឈ្វេងយល់ពីលក្ខណៈបច្ចេកទេសនានាដោយផ្ទាល់ ក្នុងគោលដៅអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន។”


សូមបញ្ជាក់ដែរថា  ដំណើរទស្សនកិច្ចនេះ គឺផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់សេវាសាធារណៈគំរូ ក្រោយពីទទួលបាននូវលទ្ធផលទទួលស្គាល់ហើយ អង្គភាពទាំង១០ចុងក្រោយ ត្រូវបានអញ្ជើញឱ្យទៅធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសថៃ។ ដំណើរទស្សនកិច្ចសិក្សានេះប្រព្រឹត្តទៅរយៈពេល៤យប់៥ថ្ងៃ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យស្រុក ក្នុងខេត្តអយុធ្យា  ខេត្តប៉ាធុមថានី  និងទីក្រុងបាងកក៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១