ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ និង​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​កម្ម​វិធី​ផ្តល់​ព័ត៌​មាន​សេវា​សាធារណៈ​ តាម​រយៈ​ទូរស័ព្ទ​ស្មាត​ហ្វូន



រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការ និងផ្សព្វផ្សាយជាផ្លូវការកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈតាមរយៈទូរស័ព្ទស្មាតហ្វូន ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានសមាសភាពចូលរួមមកពីក្រសួង ស្ថាប័ន, អភិបាលរាជធានី ខេត្ត, ប្រធានការិយាល័យច្រកចេញចូលទាំងអស់, អង្គការតម្លាភាពកម្ពុជា, JICA, KOICA, UNDP, World Bank, ADB និងGIZ ប្រមាណ៣០០ នាក់។ ការដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈតាមរយៈស្មាតហ្វូននេះនឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយការផ្តល់ព័ត៌មានសេវាសាធារណៈឲ្យកាន់តែទូលំទូលាយ និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋឬអ្នកប្រើប្រាស់សេវាក្នុងការទទួលបានព័ត៌មានសេវាសាធារណៈ ក៏ដូចជាការចូលរួមកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ការពង្រឹងតម្លាភាព និងទប់ស្កាត់ឬកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងការផ្តល់សេវាសាធារណៈហើយក៏ចូលរួមចំណែកក្នុងការបង្កើននូវទំនុកចិត្តនិងភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះសមត្ថភាពរបស់រដ្ឋបាលសាធារណៈនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។