កិច្ចប្រជុំលើកទី១ នៃគណៈកម្មការគ្រប់គ្រង និងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (Decentralisation and Administrative Reform “DAR” Program)


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ មានរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការគ្រប់គ្រង និងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (Decentralisation and Administrative Reform “DAR” Program) រួមជាមួយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ដែលកម្មវិធីនេះអនុវត្តចាប់ពីខែ ឩសភា ឆ្នាំ ២០១៦ ដល់ខែ ធ្នូ ឆ្នាំ ២០១៨ ក្នុងទឹកប្រាក់ចំនួន ៣.៣លានអឺរ៉ូ (បីលានបីសែនអឺរ៉ូ)។ កិច្ចប្រជុំលើកទី១ នៃគណៈកម្មការគ្រប់គ្រង របស់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) មានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល លោក សុខ សុទ្ធី ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៌គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ លោកស្រី Birgit Strube លេខាទី១ ស្ថានទូតសហព័ន្ធ អាល្លឺម៉ង់ លោក Eberhardt Adelbert នាយកអង្គការ GIZ ប្រចាំកម្ពុជា និងលោកស្រី Maraile Goergen ប្រធានគ្រប់គ្រង កម្មវិធី DAR ក្នុងគោលបំណង៖ ១)ពិភាក្សា និងអនុម័ត លើរចនាសម្ព័ន្ធ និងលក្ខខណ្ឌការងាររបស់ DAR ២)ពិភាក្សា និងអនុម័តលើកិច្ចព្រមព្រៀងអនុវត្តរបស់ DAR ៣)ពិភាក្សា និងព្រមព្រៀងលើផែនការការងារ និងប្រព័ន្ធរាយការណ៌របស់ DAR។ បន្ទាប់មកពិធីផ្សព្វផ្សាយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្ត ក៏មានចូលរួមពីប្រធានក្រុមប្រឹក្សា អភិបាលរង នាយករដ្ឋបាលនៃខេត្តបាតដំបង និងខេត្តកណ្តាល ប្រធានក្រុមប្រឹក្សា អភិបាល និងនាយករដ្ឋបាលស្រុកគោលដៅទាំង ៦ នៃខេត្តបាត់ដំបង និងខេត្តកណ្តាល និងតំណាងដៃគូអភិវឌ្ឍន៌នានា សរុបចំនួន ៦៦រូប។ កម្មវិធីនេះមានគោលបំណងផ្តោតជាសំខាន់លើការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដោយជ្រើសរើសស្រុកគោលដៅចំនួន ៦ នៅខេត្តបាត់ដំបង (ស្រុកគាស់ក្រឡ ស្រុកបាណន់ ស្រុកមោង) និងខេត្តកណ្តាល (ស្រុកស្អាង ស្រុកលើកដែក ស្រុកកៀនស្វាយ)។