ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានមន្ត្រីរាជការ តាមបច្ចេកវិទ្យា របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍


រាជធានីភ្នំពេញ៖ កាលព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានមន្ត្រីរាជការ តាមបច្ចេកវិទ្យា របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីរាជការនេះ ជាប្រព័ន្ធកម្មវិធីកុំព្យូទ័រ ប្រើប្រាស់សម្រាប់គ្រប់គ្រងព័ត៌មានទូទៅរបស់មន្ត្រីក្រោមឱវាទនៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រព័ន្ធនេះ ជាឧបករណ៍តាមបែបបច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់មន្ត្រីទទួលបន្ទុកកិច្ចការបុគ្គលិក និងបណ្តុះបណ្តាល ឲ្យមានភាពងាយស្រួលក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព តម្លាភាព សុវត្ថិភាព និងកាត់បន្ថយពេលវេលា ដែលពីមុនត្រូវធ្វើការកត់ត្រាដោយដៃ និងត្រូវការទូរឯកសារជាច្រើន ក្នុងការរក្សាឯកសារទិន្នន័យរបស់មន្ត្រីរាជការ។ ប្រព័ន្ធគ្រប់គ្រងនេះផងដែរ នឹងក្លាយជាយន្តការក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័ន រួមចំណែកឲ្យការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កាន់តែទទួលបានជោគជ័យ។