ក្រសួងមុខងារសាធារណៈរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អធិការកិច្ចលើការគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិកបម្រើការងាររដ្ឋតាមប្រព័ន្ធនិយោជន៍”


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “អធិការកិច្ចលើការគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិកបម្រើការងាររដ្ឋតាមប្រព័ន្ធនិយោជន៍”។


វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយផ្ទាល់នៅសណ្ឋាគារសុខាភ្នំពេញ និងតាមប្រព័ន្ធ អន ឡាញ (Zoom) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន សាលាភូមិន្ទរដ្ឋបាល និងគ្រប់អង្គភាពក្រោមឱវាទក្រសួងមុខងារ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ សរុបមានអ្នកចូលរួមប្រមាណ ១៣៥នាក់។


ថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម អែវ ប៊ុនថុល បានថ្លែងកោតសរសើរដល់ក្រុមការងារអគ្គាធិការដ្ឋាន ដែលខិតខំរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីរួមចំណែកសម្រេចគោលដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖


១-ជំរុញផ្តល់ឱកាសដល់មន្ត្រីអធិការកិច្ច និងមន្ត្រីរាជការពាក់ព័ន្ធបានរៀនសូត្រ សិក្សាស្វែងយល់ ចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនសមត្ថភាព និងត្រៀម ខ្លួនចូលរួមអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងមានគុណាធិបតេយ្យ

២-ជំរុញ និងពង្រឹងការងារអធិការកិច្ចវិស័យមុខងារសាធារណៈនៅក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាល ថ្នាក់ក្រោមជាតិ និងមន្ទីរ/អង្គភាព

៣-ជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអធិការកិច្ចវិស័យមុខងារសាធារណៈ

៤-កសាងសេចក្តីណែនាំពាក់ព័ន្ធនឹងអធិការកិច្ចវិស័យមុខងារសាធារណៈ ដែលជាមូលដ្ឋានអនុវត្ត រឹងមាំសម្រាប់មន្ត្រីអធិការកិច្ច និងមន្ត្រីរាជការពាក់ព័ន្ធ។


ចុងបញ្ចប់ ឯកឧត្តមអធិបតី បានសំណូមពរដល់វាគ្មិនសូមខិតខំចែករំលែក ចំណេះដឹង បទពិសោធន៍ល្អៗដល់វគ្គបណ្តុះបណ្តាល និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងដកពិសោធន៍ល្អៗ សម្រាប់រួមចំណែកពង្រឹងកិច្ចការអធិការកិច្ចលើការគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិកបម្រើការងាររដ្ឋតាមប្រព័ន្ធនិយោជន៍ក្នុងវិស័យមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១