ក្រុមការងារ និងគណបក្សខេត្តក្រចេះប្រជុំបូកសរុបលទ្ធផលការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នៅខេត្តក្រចេះ។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នាសាលមហោស្របខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកសី្រ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ក្រុង និងឃុំសង្កាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ក្រុង និងឃុំ សង្កាត់ រួមជាមួយលោក លោកស្រី ជាបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបអ្នកចូលរួមទាំងអស់មានចំនួនប្រមាណ ៥០០នាក់។


ជាបឋមឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានថ្លែងមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទូទៅនៃដំណើរការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅតាមឃុំសង្កាត់៤៨ ទូទាំងខេត្តក្រចេះ ដោយបានគូសបញ្ជាក់ជាអាទិ៍ថា៖ គណបក្សប្រជាជនកម្ពុជានៅខេត្តក្រចេះដណ្តើមបានជ័យជំនះយ៉ាងធំធេង ដោយបានទទួលអាសនៈក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ២៤៤ ដែលកាលពីការបោះឆ្នោតឆ្នាំ២០១៧ ទទួលបានត្រឹមតែ ១៧៨ ប៉ុណ្ណោះ ពោលគឺការបោះឆ្នោតលើកនេះកើនឡើងបានចំនួន ៦៦អាសនៈ។


គណបក្សប្រជាជនកម្ពុជាកាន់តំណែងជាមេឃុំ និងចៅសង្កាត់ទាំងអស់ក្នុងឃុំ សង្កាត់ទាំង៤៨ ប្រៀបនឹងឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ធ្លាប់បាត់តំណែងមេឃុំ ចៅសង្កាត់ចំនួន៩។ លើកនេះ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់៧ឃុំ គឺ៣ឃុំក្នុងស្រុកសំបូរ មានឃុំបឹងចារ ឃុំរលួសមានជ័យ ឃុំអូរគ្រៀងសែនជ័យ និង៣ឃុំក្នុងស្រុកឆ្លូង មានឃុំព្រែកសាម៉ាន់ ឃុំកំពង់ដំរី និងឃុំខ្សាច់អណ្ដែត ព្រមទាំងឃុំកោះជ្រែង១ទៀត នៅស្រុកចិត្របុរី។


បន្ទាប់ពីតំណាងអង្គប្រជុំបានចូលរួមពិភាក្សាយ៉ាងផុលផុស បំពេញបន្ថែមលើការវាយតម្លៃលទ្ធផលនៃការងារបោះឆ្នោតរួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបូកសរុប ដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តក្រចេះ ដោយបានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ ៣ចំណុច៖


មួយ៖ ជោគជ័យដែលយើងទទួលបាន គឺជាតម្លៃរួមនៃការខិតខំប្រឹងប្រែងក្នុងធ្លុងសាមគ្គីកំលាំងសរុបរបស់ក្រុម ការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់រហូតដល់សាខាបក្ស ក្រុមបក្ស និងសមាជិក ដែលជានិច្ចកាលក្ដាប់ជាប់គោលនយោបាយ និងគោលការណ៍ដឹកនាំរបស់បក្ស ពុះពារប្រែក្លាយទៅជាសកម្មភាពការងារជាក់ស្ដែង ដើម្បីច្បាមជាប់មូលដ្ឋានឃុំ សង្កាត់ និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន តាមរយៈការធ្វើអំពើល្អសព្វបែបយ៉ាង ជួយប្រជាជនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសការចូលរួមចំណែកក្នុងចលនាជាតិដឹកនាំផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រយុទ្ធឈ្នះកូវីដ-១៩ សង្គ្រោះប្រជាជនឱ្យឆ្លងរួចផុតគ្រោះកំណាចនៃជំងឺដ៏កាចសាហាវនេះ ក៏ដូចបាននាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។


ពីរ៖ ជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជន សបញ្ជាក់ច្បាស់ពីឆន្ទៈរួម ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាជនកម្ពុជា គឺសុខសន្តិភាព វឌ្ឍនភាព វិបុលភាពសម្រាប់អនាគតរុងរឿងរបស់កម្ពុជា។


បី៖ ដើម្បីឆ្លើយតបចំពោះជំនឿទុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារនិងគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារសំរេចភារកិច្ចនយោបាយក្នុងបន្ទុកទទួលខុសត្រូវរៀងៗខ្លួន បន្តចូលរួមចំណែកកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាឧត្ដមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាឆ្នាំ២០២៣ ខាងមុខទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១