ក្រុមការងារស្រុកបាភ្នំ ចូលរួមវេទិកាសាធារណៈត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅឃុំឈើកាច់


(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួម ជាមួយ សហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យការ អនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។


កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន ក្រុម ប្រឹក្សា ស្រុក អភិបាលស្រុក ប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំទាំង៩ នៃស្រុកបាភ្នំ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មន្ត្រី សមត្ថកិច្ចជំនាញស្រុក-ឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំឈើកាច់ សរុបអ្នកចូលរួមចំនួនមានប្រមាណ ៩០០នាក់។


បន្ទាប់ពីលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ ធ្វើរបាយការណ៍ពីស្ថានភាពរួមនៃសេដ្ឋកិច្ច ជីវភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងការរីកចម្រើនក្នុងមូលដ្ឋានស្រុកបាភ្នំរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែង អំណរគុណ និងកោតសរសើរដល់ក្រុមការងារស្រុក-ឃុំ មន្ត្រីសមត្ថកិច្ចជំនាញស្រុក-ឃុំ និងបងប្អូនប្រជា ពលរដ្ឋ ទាំងអស់ក្នុង មូលដ្ឋាន ឃុំឈើកាច់ ដែលកន្លងមកបានរួមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ទូទាំងប្រទេស ចូលរួមយ៉ាងពេញទំហឹងក្នុងចលនាជាតិ ក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ បើក ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញដូចសព្វថ្ងៃ។


ក្នុងវេទិកាបើកចំ អ្នកចូលរួមមានឱកាសលើកឡើង នូវបញ្ហាប្រឈម នានា នៅក្នុងមូលដ្ឋាន ដែលជាទុក្ខ កង្វល់ ការថ្នាំង ថ្នាក់ខ្លះៗពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះរួមមានជាអាទិ៍៖

– បទល្មើស គ្រឿងញាន ល្បែងស៊ីសង តាមមូលដ្ឋាន ភូមិខ្លះ នៅតែកើតមានឡើងនៅឡើយ។

– ការផ្គត់ផ្គង់ទឹកស្អាតមិនទាន់បានឆ្លើយតបតាមតម្រូវការអ្នកប្រើប្រាស់ ដោយសារ សម្ពាធទឹកខ្សោយ និង ខ្វះបរិមាណទឹកប្រើប្រាស់នៅពេលខ្លះ និងនៅកន្លែងខ្លះ។

– សកម្មភាពអាជីវកម្មផ្តល់អគ្គីសនីប្រើប្រាស់នៅ មូលដ្ឋាន បង្កការថ្នាំងថ្នាក់ខ្លះដល់ បងប្អូន ប្រជាពលរដ្ឋ។


ប្រការនេះច្រើនកើតឡើង នៅពេលមានការដាំបង្គោល តខ្សែបណ្ដាញភ្លើង និងការជួសជុលផ្សេងៗ ដោយភ្នាក់ងារក្រុមហ៊ុនឯកជន មិនបានជូនដំណឹងដល់អ្នកជាវ។ល។


បញ្ហាទាំងឡាយខាងលើត្រូវបានពន្យល់បកស្រាយបំភ្លឺ និងសន្យា បេ្តជ្ញា ជំរុញដោះស្រាយដោយ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត តំណាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ អធិការរងនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។


អង្គវេទិកាទាំងមូល បានយកចិត្តទុកដាក់ការបកស្រាយបំភ្លឺ និងបន្តចូលរួមតាមដានរាល់ដំណោះស្រាយនានា ប្រកបដោយស្មារតីយោគយល់ និងស្ថាបនា។


ថ្លែងមតិបិទកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងវាយតម្លៃខ្ពស់ដល់តួនាទី វេទិកាសាធារណៈ នៅពេលនេះ ដែលផ្តល់ឱកាសឱ្យ មានការផ្សារភ្ជាប់រវាងរដ្ឋជាមួយប្រជាជនរួមគ្នាជួយ ដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានដើម្បីជាគុណប្រយោជន៍ ដល់សុខសុវត្ថិភាព របស់ប្រជាជន ដែលជាចំណែកសំខាន់មួយ នៃសុខសន្តិភាព របស់សង្គមជាតិ។


ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បានសំណូមពរ ឱ្យ ក្រុមការងារ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមគ្នាជាមួយប្រជាពលរដ្ឋ ត្រូវបន្តរៀបចំ វេទិកាសាធារណៈបែបនេះ នៅតាមភូមិឃុំដទៃទៀត។


ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើង សូមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការពារ រឹងមាំ បុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងភាពសុខុដុមរមនារបស់ប្រជាជនយើងតរៀងទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១