ក្រសួងមុខងារសាធារណៈសហការជាមួយធនាគារពិភពលោក រៀបចំសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលស្តីពី «ផែនការនិរន្តរភាពការងារ»


(រាជធានីភ្នំពេញ)៖ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការពីធនាគារពិភពលោក និងការគាំទ្រថវិកាដោយមូលនិធិ Trust Fund របស់រដ្ឋាភិបាលអូស្រ្តាលីនិងសហភាពអឺរ៉ុប បានរៀបចំសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលស្តីពី «ផែនការនិរន្តរភាពការងារ (Business Continuity Plan-BCP)» ក្នុងគោលបំណងសំខាន់ៗបី គឺ៖ ១)-បង្ហាញអំពីទស្សនៈទូទៅនៃការរៀបចំ BCP និងភាពចាំបាច់នៃការរៀបចំនិងអនុវត្ត BCP ២)-ណែនាំអំពីវគ្គសិក្សាតាមអនឡាញស្តីពីផែនការនិរន្តរភាពការងារ និង៣)-ណែនាំពីឧបករណ៍សម្រាប់បង្កើត BCP។


សិក្ខាសាលានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការនិងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ព្រមទាំងលោកស្រី អស់លោក ជាវាគ្មិនជាតិ និងអន្តរជាតិ ដែលជាក្រុមការងារនៃធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ដទៃទៀត សរុបចំនួនប្រមាណជាង៤០០នាក់។


ថ្លែងមតិទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងដែលដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាមួយនឹងក្រុមការងារធនាគារពិភពលោក ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាការរៀបចំដំណើរការសិក្ខាសាលានេះបានដំណើរការល្អប្រសើរ ទោះបីជាក្នុងកាលៈទេសៈ យើងកំពុងប្រឈមនឹងការលំបាកនានាបង្កជំងឺកូវីដ-១៩ ក៏ដោយ។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានគណៈអធិបតី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្ម និងចុះឈ្មោះចូលរៀននៅលើប្រព័ន្ធសិក្សាអនឡាញរបស់ធនាគារពិភពលោក ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីសារៈសំខាន់នៃការរៀបចំ និងការប្រើប្រាស់ឧបករណ៍បង្កើតផែនការនិរន្តរភាពការងារ សំដៅសម្រួលដល់ការងារគ្រប់គ្រងនិងអនុវត្តការងារ រួមចំណែកធានាបាននូវសមិទ្ធកម្មការងាររបស់អង្គភាពប្រកបដោយប្រសិទ្ធភាព ទោះបីជាស្ថិតក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១