រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជួបនិស្សិតជ័យលាភីអាហារូបករណ៍មុនការចេញទៅសិក្សានៅប្រទេសអូស្រ្តាលី


(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ឆ្នាំ២០២១ និង២០២២ ដែលមានអ្នកចូលរួមចំនួន ១៥នាក់ (ស្រី៧នាក់) ជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមុនការចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលខាងមុខ។


ថ្លែងមតិក្នុងពេលសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្ដែងនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ដែលបានទទួលជោគជ័យប្រឡងជាប់ទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។


ក្រោយពីបានចែករំលែកបទពិសោធន៍នៃការបំពេញភារកិច្ច និងការរៀនសូត្រពីការងារជាក់ស្ដែងរយៈពេលជាង៤០ឆ្នាំ ក្នុងរដ្ឋបាលសាធារណៈរួចមក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏បានគូសបញ្ជាក់ បន្ថែមទៅកាន់ជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលមានសមាសភាពជាមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលថា៖ ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ មន្រ្តីរាជការសាធារណៈរបស់យើងគ្រប់ផ្នែកសុទ្ធតែបានពុះពាររក្សារបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មីដើម្បីរួមចំណែកពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។


ការចូលរួមយ៉ាងសកម្មក្នុងចលនាជាតិដើម្បីប្រយុទ្ធ ទប់ស្កាត់ គ្រប់គ្រងយកឈ្នះបានកូវីដ-១៩ ក្រោមមគ្គុទ្ទេសភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមេរៀនពិសោធន៍សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសក្នុងការបន្តជំរុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិតទៅអនាគត។


ប្រការនេះបង្ហាញច្បាស់ថា ទោះជាត្រូវប្រឈមជាមួយផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ តែបេសកកម្មកសាងស្ថាបនាជាតិនៅតែជម្រុលទៅមុខជាដរាប ហើយដំណើរការនៃការកសាងនិងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក៏មិនអាចត្រូវបានបង្អាក់ដោយសារការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ បានឡើយ។


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបន្តផ្ដល់ជំនួយឧបត្ថម្ភដល់ការសិក្សា បណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា។


នៅទីបញ្ចប់នៃការសំណេះសំណាល ឯកឧត្តម ព្រុំ សុខា បានធ្វើការផ្ដាំផ្ញើក្នុងនាមរដ្ឋាភិបាល ចំពោះនិសិ្សតអាហារូបករណ៍ទាំងអស់ត្រូវក្ដាប់ជាប់ឱកាសទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដដែលអាចប្រើប្រាស់បានក្នុងជីវិតការងារសំរាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយដើម្បីវិលត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១