ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឲ្យកម្មសិក្សាការីវិក្រឹតការដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជួបសំដែងការគួរសម


(រាជធានីភ្នំពេញ)៖កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឲ្យកម្មសិក្សាការីវិក្រឹតការដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជួបសំដែងការគួរសម នៅការិយាល័យរបស់ឯកឧត្តមនៅទីស្តីការក្រសួងមុខងារសាធារណៈ។ កម្មសិក្សាការីដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះរួមមានមន្ត្រីថ្នាក់អគ្គនាយករង អនុប្រធាននាយកដ្ឋាន និងមន្ត្រី នៃក្រសួងមុខងារសាធារណៈ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងអបអរសាទរជាមួយនឹងលទ្ធផលនៃការបញ្ចប់ការសិក្សាដ៏មានសារសំខាន់នេះ។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការសិក្សារៀនសូត្រ គឺអាចធ្វើបាននៅគ្រប់ទីកន្លែងទាំងអស់ រួមមាននៅសាលា នៅកន្លែងធ្វើការ ពីអ្នកជុំវិញខ្លួន និងពីសង្គម ពិសេសសិក្សាអំពីឧត្តមានុវត្តន៍ដែលមានកន្លងមក។


ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការផ្ដាំផ្ញើដល់កម្មសិក្សាការីទាំងអស់ឲ្យយកចំណេះដឹងដែលបានមកពីការបណ្ដុះបណ្ដាលនេះ ដើម្បីយកមកអនុវត្តអោយបានជាក់ស្ដែងនិងមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកជួយដល់ក្រសួងមុខងារសាធារណ:ក្នុងការអនុវត្តមុខងាររបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការដោះស្រាយបាននូវបញ្ហាប្រឈមឬការលំបាកដែលមនុស្សធម្មតាមិនអាចដោះស្រាយបាន គឺបានបង្ហាញពីភាពជាអ្នកដឹកនាំ និងក៏ជានិយមន័យជាក់ស្តែងនៃភាពជាអ្នកដឹកនាំផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១