ក្រុមការងារខេត្តក្រចេះត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ដើម្បីចូលរួមអបអរសាទរខួបលើកទី២៣ នៃទិវានយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨- ២៩ ធ្នូ ២០២១)


(ស្រុកឆ្លូង-ខេត្តក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយ សហការី បានចុះទៅប្រជុំការងារនៅក្នុងមូលដ្ឋានស្រុកឆ្លូង ដើម្បីត្រៀមរៀបចំសន្និបាតឃុំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្នុងពេលដែលនៅទូទាំងប្រទេសកំពុងចូលរួមអបអរសាទរខួបលើកទី២៣ នៃទិវានយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជានាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ។


កិច្ចប្រជុំការងារខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនស្រុកឆ្លូង ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក គណៈកម្មាធិការគណបក្សឃុំទាំង៨ និងគណៈសាខាបក្សភូមិទាំងអស់ក្នុងស្រុកឆ្លូង ព្រមទាំងមន្ត្រីមូលដ្ឋាន សរុបប្រមាណជាង ៣០០នាក់។


បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ហេង សុថា អភិបាលស្រុកឆ្លូងរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្តល់ឱកាសដល់សមាជិក សមាជិកាអង្គប្រជុំ ពិសេសគណៈបក្សឃុំ និងគណៈសាខាបក្សភូមិឱ្យរួមយោបល់ផុលផុសវាយតម្លៃស្ថានភាពជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋាន ដើម្បីរៀបចំការត្រួតពិនិត្យសមិទ្ធផលការងាររយៈពេល៥ឆ្នាំកន្លង និងកសាងផែនការអភិវឌ្ឍឃុំ សង្កាត់៥ឆ្នាំបន្ត (២០២២-២០២៧) សំរាប់ត្រៀមបើកសន្និបាតឃុំនីមួយៗឱ្យបានបញ្ចប់មុនដំណាច់ខែមករា ឆ្នាំ២០២២ខាងមុខ។


ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងកោតសរសើរគណបក្សខេត្ត ស្រុក និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលបានខិតខំរួមគ្នាអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងធ្វើការជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិល្អ ដើម្បីឈរឈ្មោះសំរាប់ការបោះឆ្នោតនាពេលខាងមុខ។


ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជំហរក្នុងនាមអង្គប្រជុំទាំងមូលនូវមតិជាឯកច្ឆ័ន្ទបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសំរាប់អនាគត ដើម្បីបន្តថែរក្សាសុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់មាតុភូមិកម្ពុជា ក្រោមមគ្គុទេសក៍ដឹកនាំដ៏ថ្លៃថ្លា និងមុះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។


មុននឹងបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានលើកទឹកចិត្តមន្រ្តីនៅមូលដ្ឋានត្រូវរួមសាមគ្គីគ្នាជំរុញខ្លាំងក្លាចលនាសកម្មភាពជាក់ស្តែងនៃអំពើល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបន្តចូលរួមចលនាជាតិប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់បង្កឡើងដោយជំងឺដ៏កាចសាហាវនេះ រួមចំណែកពង្រឹងជំហានបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញឱ្យឈានទៅមុខជាលំដាប់យ៉ាងរឹងមាំតរៀងទៅ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១