ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានអនុញ្ញាតឱ្យកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តី
ជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន១០ អង្គនាក់ ជួបសំណេះសំណាលនិងទទួលការផ្តាំផ្ញើណែនាំ


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យតំណាងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន១០ អង្គនាក់ ជួបសំណេះសំណាលនិងទទួលការផ្តាំផ្ញើណែនាំ នៅទីស្តីការក្រសួង។


ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់កម្មសិក្សាការីទាំងអស់ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់តាមក្រសួង-ស្ថាប័ន បានខិតខំពុះពារតស៊ូអភិវឌ្ឍសមត្ថភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកពីបទពិសោធន៍ការងារ និងការសិក្សារៀនសូត្រមួយចំនួនផងដែរ ជូនដល់ប្រតិភូកម្មសិក្សាការី ដើម្បីជាទុនសម្រាប់ស្វែងយល់បន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើផងដែរថា ការចាប់យកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពគឺពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការយកចំណេះដែលបានរៀនទៅអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែងសម្រាប់ក្រសួង ស្ថាប័ន និងជីវិតរស់នៅរបស់យើង។


ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើជូនដល់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ទាំងអស់ ត្រូវរៀនរស់និងធ្វើការជាមួយកូវីដ-១៩ តាមរបត់ប្រក្រតីភាពថ្មី ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបើកដំណើរសង្គម-សេដ្ឋកិច្ចឡើងវិញទូទាំងប្រទេស។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១