ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្តក្រចេះ ដង្ហែអង្គកឋិនទានទៅកាន់វត្ត ១៧៧ នៅទូទាំងខេត្តក្រចេះប្រមូលបច្ច័យបាន ៤២៦​ លានរៀល


(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំអង្គកឋិនទានដង្ហែទៅកាន់វត្តទាំង ១៧៧ ស្ថិតក្នុងខេត្តក្រចេះទាំងមូល ដោយប្រមូលបច្ច័យកសាងសរុបបានចំនួន ៤២៦ លានរៀល។


ការរៀបចំអង្គកឋិនទានដែលជាកំលាំងសាមគ្គីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជាមន្ត្រីរាជការ និងប្រជាពលរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តដទៃទៀតបានប្រព្រឹត្តទៅនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ១៣និង១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧និង១៨ ខែវិច្ឆិកា គ្រឹស្ដសករាជ២០២១ នាទីស្ដីការក្រសួងមុខងារសាធារណៈ និងសាលាខេត្តក្រចេះ។


ថ្លែងទៅកាន់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកចូលរួមជាច្រើនទៀត ក្នុងពិធីឆ្លងបុណ្យកឋិនទាន ខាងលើនេះ នៅក្នុងព្រះវិហារវត្តមណីរង្សីវេស្សវ័ណហៅវត្តតាប៉ូស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះបានគូសបញ្ជាក់ថា៖ ក្នុងកំឡុងពេលមួយខែនៃរដូវកាលបុណ្យកឋិនទានឆ្នាំនេះ ដែលបានចាប់ផ្ដើមពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្ដិក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះយើង តែងតែបានចូលរួមជាមួយពុទ្ធបរិស័ទ ប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ ដើម្បីប្រារព្ធ ពិធីបុណ្យកឋិនទានប្រពៃណីពុទ្ធសាសនាប្រមូលបានបច្ច័យជាច្រើនចូលរួមចំណែកកសាងសមិទ្ធផលទ្រទ្រង់ព្រះពុទ្ធសាសនា។


ការរួបរួមគ្នាដោយសទ្ធាជ្រះថ្លាជាកំលាំងសាមគ្គីក្នុងពិធីបុណ្យកឋិនទានទាំងអស់នេះ ម៉្យាងជាការសបញ្ជាក់នូវ ជំនឿរឹងមាំ របស់ប្រជាជនយើងចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ម៉្យាងទៀត សាមគ្គីភាពនេះក៏ជាការចូលរួមចំណែកកាន់តែសកម្មខ្លាំងក្លាថែមទៀត របស់ប្រជាជនយើង បន្តជំរុញចលនាជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ ដើម្បីគាំទ្រការបើករាល់សកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ សំដៅពង្រឹងបុព្វហេតុ សុខសន្តិភាព សុខុមាលភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិយើងជារៀងដរាបតទៅ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១