ក្រុមការងារស្រុកបាភ្នំប្រជុំ ពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតមូលដ្ឋាន ពិសេសការសំរិតសំរាំងមនុស្សល្អធ្វើជាបេក្ខជនសំរាប់ប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ


(បាភ្នំ-ព្រៃវែង)៖ រសៀលថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែងបានបើកកិច្ចប្រជុំ២លើកដើម្បី ទីមួយគឺ សំរេចនីតិវិធីនៃការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនសំរាប់ប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ និងទីពីរគឺ ពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២ ខាងមុខ។


កិច្ចប្រជុំដំបូង ជាកិច្ចប្រជុំចង្អៀតដែលមានការចូលរួមពីសំណាក់ប្រធានក្រុមការងារឃុំទាំង៩ និងអចិន្ត្រៃយ៍គណបក្សស្រុក។ បន្ទាប់មកគឺជាកិច្ចប្រជុំទូលាយប្រចាំខែតុលា ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ ប្រធានគណបក្សស្រុក អភិបាលស្រុក ប្រធានគណបក្សឃុំ មេឃុំ គណសាខាបក្សភូមិទាំង១០៨ និងមន្ត្រីមូលដ្ឋាន សរុបចំនួនប្រមាណ៣០០នាក់។


ក្នុងអង្គប្រជុំប្រចាំខែ ក្រោយពីបានស្ដាប់របាយការណ៍វឌ្ឍនភាពការងារនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងពុះពារការលំបាកសព្វបែបយ៉ាងរបស់មន្ត្រីមូលដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាជាតិដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងបានកូវីដ-១៩ ព្រមទាំងបន្តដោះស្រាយរាល់ផលប៉ះពាល់ជាវិបត្តិបង្កឡើងដោយការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ។


ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រធានក្រុមការងារស្រុក បានណែនាំជំរុញក្រុមការងារមូលដ្ឋានភូមិ ឃុំ ប្រកៀកស្មាគ្នាជាមួយមន្ត្រីមូលដ្ឋាន រួមទាំងមន្ត្រីមានលក្ខណសម្បត្តិល្អដែលនឹងត្រូវបានសំរិតសំរាំងជ្រើសរើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវពុះពាររស់នៅ និងបំពេញការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយខិតខំប្រឹងប្រែងសំរេចភារកិច្ចនយោបាយ ជាអំពើល្អបំរើប្រជាជន ពិសេសការបំរើសេវាសាធារណៈ ដែលជាសកម្មភាពចាំបាច់ជាក់ស្ដែងប្រចាំថ្ងៃរបស់មូលដ្ឋាន ដើម្បីចូលរួមបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ។


កិច្ចប្រជុំការងារខាងលើត្រូវបានបិទបញ្ចប់ដោយជោគជ័យជាមួយបរិយាកាសសាមគ្គី ការប្ដេជ្ញាចិត្ត និងជំនឿជឿជាក់យ៉ាងមោះមុត ដើម្បីពង្រឹងប្រៀបនយោបាយ និងកំលាំងនយោបាយដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះសំរាប់ការបោះឆ្នោតនាពេលខាងមុខនៅឆ្នាំ២០២២ និង២០២៣។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១