ក្រុមការងារខេត្តក្រចេះ ប្រជុំត្រួតពិនិត្យការងារ និងលើកទិសដៅ ដើម្បីសំរេចផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ


(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យសកម្មភាពការងារ កន្លងមក និងលើកទិសដៅបន្ត សំដៅជម្រុញអនុវត្តសំរេចសកម្មភាពការងារជាក់ស្តែងនៅក្នុងជំហានផែនការយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា ខេត្តឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងអស់លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុងទាំង៦ មេឃុំ ចៅសង្កាត់ ទាំង៤៧ ព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួនទៀតសរុបមានចំនួនអ្នកចូលរួមទាំងអស់ប្រមាណ ៣០០នាក់។


ក្នុងដំណើរការនៃកិច្ចប្រជុំ តំណាងមួយចំនួនបានចូលរួមពិភាក្សាយ៉ាងផុសផុលទៅលើសេចក្តីរាយការណ៍របស់ឯកឧត្តម វ៉ា ថន ប្រធានគណបក្សខេត្ត និងជាអភិបាល ខេត្តក្រចេះ អំពីស្ថានភាពជាក់ស្តែង នៃសភាពការណ៍ និងសកម្មភាពការងារសំរេចបានកន្លងមករួមទាំងទិសដៅសម្រាប់រយៈពេលខាងមុខ។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបូកសរុបបិទកិច្ចប្រជុំដោយធ្វើការគូសបញ្ជាក់លើចំណុចសំខាន់ៗ រួមមានជាអាទិ៍៖


១. ផ្អែកលើមូលដ្ឋាន នៃការធ្វើបច្ចុប្បន្នកម្មតារាងបញ្ជីសមាជិកគណបក្ស យើងទាំងអស់គ្នាត្រូវខិតខំបន្តជម្រុញចលនាសកម្មភាពជាក់ស្តែងជាអំពើល្អ ដើម្បីផ្សារភ្ជាប់ជិតស្និទ្ធជានិច្ច រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងបង្កលក្ខណៈ ងាយស្រួលសព្វបែបយ៉ាងដើម្បីឱ្យពលរដ្ឋម្នាក់ៗបានបោះឆ្នោតជូនគណបក្សប្រជាជន សំដៅចូលរួមធ្វើឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនតាមលក្ខណៈប្រជាធិបតេយ្យ និងត្រឹមត្រូវតាមបទបញ្ញតិជាធរមានដែលកំណត់ដោយច្បាប់ និងបែបបទនីតិវិធីរបស់ គ.ជ.ប។


២. ក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវរួមគ្នាជ្រើសរើសឱ្យបានមន្ត្រីល្អស័ក្តិសមជាបេក្ខជនដើម្បីចូលរួមប្រកួតប្រជែងឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាឆ្នាំ២០២២ ខាងមុខ។


៣. មន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ ត្រូវពុះពាររស់នៅ និងបម្រើប្រជាជនជាប់ជាប្រចាំតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ពិសេស គឺត្រូវបន្តចូលរួមយ៉ាងសកម្ម ក្នុងចលនាសាមគ្គីជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លា និងរឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធទប់ស្កាត់ គ្រប់គ្រងកូវីដ-១៩ និងដោះស្រាយបានរាល់បញ្ហាប្រឈមជាផលវិបាកបង្កឡើងដោយជំងឺដ៏កាចសាហាវនេះ សំដៅរក្សាការពាររឹងមាំសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើង។


ជាទីបញ្ចប់ អង្គប្រជុំទាំងមូលបានឯកភាពគ្នាសំរួចឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បន្តពង្រឹងប្រៀបនយោបាយ និងកំលាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលខាងមុខ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១