រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កោតសរសើរក្រុមការងារ និងអាជ្ញាធរស្រុកបាភ្នំ ចំពោះលទ្ធផលល្អប្រសើរនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលជិតសំរេចបានផែនការទាំងស្រុង


(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង បានថ្លែងកោតសរសើរដល់ក្រុមការងារចំរុះរបស់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងអាជ្ញាធរស្រុកបាភ្នំ ដែលបានបង្កើនកិច្ចសហការសកម្មភាពការងារយ៉ាងជិតស្និទ្ធដើម្បីបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំទាំងមូល មកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយសំរេចបានលទ្ធផលតាមផែនការកំណត់ស្ទើរតែទាំងស្រុង។


ការថ្លែងមតិកោតសរសើរខាងលើនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារស្រុកបាភ្នំ ដែលបានប្រព្រឹត្តទៅនាសាលប្រជុំគណបក្សស្រុក កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកស្រី អស់លោកប្រធានក្រុមការងារឃុំ មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានមួយចំនួន សរុបអ្នកចូលរួមមានប្រមាណជាង ៣០០នាក់។


សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋស្រុកបាភ្នំ សំរេចបាន ៦៣.០២៣នាក់ ស្មើនឹង ៩៥,៨១% នៃចំនួនសរុបអ្នកដែលត្រូវមកទទួលវ៉ាក់សាំង ៦៥.៧៧៤នាក់។ ដោយឡែក កុមារ និងយុវវ័យចំនួន ៧.៤២៩នាក់ ស្មើនឹង ៩១,៤៥% ក្នុងនោះមានសិស្សចំនួន ៧.០៩៩នាក់ បានមកទទួលវ៉ាក់សាំងរួចហើយ។


ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា លទ្ធផលល្អប្រសើរនៃកំលាំងសរុបនៅមូលដ្ឋានក្នុងការចូលរួមចលនាជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ជាវិបត្តិបង្កដោយជម្ងឺដ៏កាចសាហាវនេះ កំពុងតែបានលើកទឹកចិត្ត និងពង្រឹងជំនឿជឿជាក់ដល់មន្ត្រីយើងគ្រប់លំដាប់ថ្នាក់ឱ្យពុះពារបន្តបំពេញភារកិច្ចដ៏ថ្លៃថ្លាបំរើប្រជាជន ដើម្បីបង្កើនប្រៀបនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទ្ទេសក៏ដ៏ភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅដណ្តើមជ័យជំនះសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះជាក់ជាមិនខាន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១