ភារកិច្ចនយោបាយដ៏សំខាន់របស់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ គឺការចូលរួមប្រយុទ្ធឈ្នះកូវីដ-១៩

ភារកិច្ចនយោបាយដ៏សំខាន់របស់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ គឺការចូលរួមប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីសុខុមាលភាពនិងវិបុលភាពរបស់ប្រជាជន និងសង្គមជាតិ


(ចិត្របុរី-ក្រចេះ)៖ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នាបរិវេណវត្តដារសិលារាម ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រ ចេះ បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីមូលដ្ឋានភូមិ-ឃុំ ចំនួនជាង ៧០នាក់ ដើម្បីពិភាក្សាផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតពេលខាងមុខ ដោយគូសបញ្ជាក់ថា៖ ភារកិច្ចនយោបាយដ៏សំខាន់របស់មន្ត្រីគណបក្សប្រជាជនយើងនៅគ្រប់លំដាប់ថ្នាក់នាពេលបច្ចុប្បន្ន គឺការចូលរួមយ៉ាងសកម្មក្នុងចលនាជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ យើងទាំងអស់គ្នាត្រូវធ្វើគំរូពីរបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវតស៊ូអត់ធ្មត់ប្រកាន់ខ្ជាប់ជានិច្ចនូវឧត្តមគតិ និងសារជាតិរបស់គណបក្សប្រជាជនកម្ពុជាគឺ រួមសុខ រួមទុក្ខ ជាមួយប្រជាជនក្នុងកាលៈទេសៈលំបាកគ្រោះថ្នាក់។


អាស្រ័យហេតុនេះ យើងត្រូវបន្តរួមគ្នាពុះពារប្រែក្លាយបញ្ហាប្រឈមនានាក្នុងពេលបំពេញកាតព្វកិច្ចចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ពិសេសគឺ ចំណាត់ការអនុវត្តវិធានការ «៣ការពារ ៣កុំ» និងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាសកម្មភាពការងារទាំងឡាយដោះស្រាយវិបត្តិជាផលប៉ះពាល់ពីជម្ងឺដ៏កាចសាហាវនេះ ឱ្យទៅជាឱកាសដ៏ពិតប្រាកដដើម្បីផ្សារភ្ជាប់សុខទុក្ខ ជិតស្និទ្ធជាមួយប្រជាជន បំរើប្រជាជន ទទួលបានសមានចិត្ត និងការគាំទ្រកាន់តែខ្លាំងក្លាថែមទៀតពីប្រជាជន។


យើងជឿជាក់យ៉ាងមុតមាំថា ចលនាជាតិនេះដែលស្ថិតក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជនទូទាំងប្រទេស ពិតជាសំរេចបានជោគជ័យនូវភារកិច្ចនយោបាយក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីសុខុមាលភាព និងវិបុលភាពរបស់ប្រជាជន និងសង្គមជាតិយើងជាក់ជាមិនខាន។


សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះមុនកិច្ចប្រជុំខាងលើ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ព្រមទាំងសហការី ក៏បានចុះទៅជួបសំណេះសំណាល និងចូលរួមលើកទឹកចិត្តប្រជាជនប្រមាណជាង ៣០០នាក់ ដែលបានមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រៀបចំឡើងដោយក្រុមការងារចំរុះនៅក្នុងបរិវេណសាលាខេត្តក្រចេះ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១