ប្រជាជនភូមិភាគឥសាន ចូលរួមយ៉ាងសស្រាក់សស្រាំមកទទួលការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា


(អូរគ្រៀង-ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅតាមស្រុក ភូមិទាំងអស់ក្នុងតំបន់ភូមិភាគឥសាននៃប្រទេសកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីប្រយុទ្ធទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។


នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី រួមជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីខេត្ត ស្រុកជាច្រើនរូបទៀត បានអញ្ជើញចុះទៅជួបសំណេះសំណាលលើកទឹកចិត្តដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៣៥០នាក់ ដែលបានមកទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រៀបចំដោយក្រុមការងារចំរុះខេត្ត ស្រុក នៅសាលាបឋមសិក្សាអូរគ្រៀង ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយអត្ថន័យស្លាប់រស់នៃចលនាជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលជោគជ័យក្នុងការបង្កើតប្រព័ន្ធការពារដែលជាភាពស៊ាំរឹងមាំរបស់សហគមន៍ជាតិ ឈានទៅគ្រប់គ្រង ទប់ស្កាត់បានការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។


យើងទាំងអស់គ្នាប្តេជ្ញារួមគ្នាបន្តចូលរួមជម្រុញចលនាជាតិនេះ ឱ្យកាន់តែទូលំទូលាយខ្លាំងក្លាថែមទៀតសំដៅប្រយុទ្ធឱ្យឈ្នះកូវីដ-១៩ ដើម្បីនាំសង្គមជាតិយើង តាមគន្លងនៃប្រក្រតីភាពថ្មីឆ្ពោះទៅកាន់សុខុមាលភាពក្នុងសុខសន្តិភាព វឌ្ឍនភាពប្រកបដោយវិបុលភាពជារៀងដរាបតរៀងទៅ។


បន្ទាប់មក នៅព្រឹកថ្ងៃដដែលនាបរិវេណវត្តសមិទ្ធារាមអូរគ្រៀង ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងក្រុមការងារ ក៏បានជួបប្រជុំការងារជាមួយមន្ត្រីគណបក្សឃុំទាំង១០ នៃស្រុកសំបូរ រួមជាមួយមន្ត្រីសាខាបក្សភូមិទាំង៨ នៃឃុំអូរគ្រៀង សរុបចំនួន ៧០នាក់ ដើម្បីពិភាក្សាលើផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅដណ្តើមជ័យជំនះសំរាប់ការបោះឆ្នោតនាពេលខាងមុខ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១