ប្រជាពលរដ្ឋស្រុកបាភ្នំ សំដែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការទទួលបានវ៉ាក់សាំងបង្ការទប់ស្កាត់កូវីដ-១៩ ទាន់ពេល


(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង បានថ្លែងក្នុងនាមប្រជាពលរដ្ឋស្រុកបាភ្នំទាំងមូលនូវទឹកចិត្តរំភើបរីករាយ ពោរពេញដោយអំណរគុណដ៏ជ្រាលជ្រៅជូនរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ចំពោះដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតភាពស៊ាំក្នុងសហគមន៍ពលរដ្ឋតាមមូលដ្ឋានទាំងអស់ក្នុងស្រុកបាភ្នំ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះបានទាន់ពេលវេលា។


ការថ្លែងមតិខាងលើនេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចុះទៅចូលរួមលើកទឹកចិត្តដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅឃុំស្ពឺ “ក” ស្រុកបាភ្នំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។


សូមបញ្ជាក់ថា ចាប់ពីមានព្រឹត្តិការណ៍ «២០កុម្ភៈ» មកទល់ថ្ងៃនេះ នៅក្នុងស្រុកបាភ្នំទាំងមូលមានបងប្អូនប្រជាជនយើងចំនួន ៣៣៧នាក់ បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ ៧នាក់ និងកំពុងសំរាកព្យាបាលចំនួន ៣៥នាក់។


នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានថ្លែងទៅកាន់កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែរបស់ក្រុមការងារស្រុកបាភ្នំ ដោយសង្កត់ធ្ងន់ថា៖ ប្រឈមនឹងស្ថានភាពបច្ចុប្បន្ន យើងទាំងអស់គ្នាជាមន្ត្រីគណបក្សប្រជាជនកម្ពុជាត្រូវធ្វើគំរូពីរបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទប់ស្កាត់ជម្ងឺក៏កាចសាហាវនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍ ដណ្តើមសមានចិត្តប្រជាជន កសាង ពង្រឹងប្រៀបនយោបាយ និងកំលាំងនយោបាយរឹងមាំសំរាប់គណបក្សយើងឈានឆ្ពោះទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតខាងមុខ នាឆ្នាំ២០២២ និងឆ្នាំ២០២៣។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១