រដ្ឋមន្ត្រី ព្រុំ សុខា៖ ទោះជាត្រូវជាប់ដៃបន្តប្រយុទ្ធទ្រោលសភាពការណ៍កូវីដ-១៩ ក្រុមការងារនៅតែចុះផ្សាភ្ជាប់មូលដ្ឋានជាប្រចាំដើម្បីរក្សាឧត្តមភាពខាងប្រៀប និងកំលាំងសម្រាប់ការបោះឆ្នោត


(ក្រចេះ)៖ ក្នុងកិច្ចប្រជុំប្រកាសកែសំរួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិទៅកាន់អ្នកចូលរួមទាំងអស់ដែលមានខ្លឹមសារជាអាទិ៍ថា៖ «ទោះជាត្រូវជាប់ដៃចូលរួមចលនានៅទូទាំងប្រទេស បន្តប្រយុទ្ធទ្រោលសភាពការណ៍កូវីដ-១៩ យ៉ាងណាក្តី ក្រុមការងារនៅតែចុះផ្សាភ្ជាប់មូលដ្ឋានជាប្រចាំ ដើម្បីរក្សាឧត្តមភាពទាំងខាងប្រៀបនយោបាយ និងខាងកំលាំងនយោបាយសំរាប់ការបោះឆ្នោតពេលខាងមុខ នាឆ្នាំ២០២២ និងឆ្នាំ២០២៣»។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារស្រុក និងក្រុមការងារឃុំទាំង១០ ព្រមជាមួយ ឯកឧត្តម លោក លោកស្រីជាប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាល អភិបាលរងស្រុក មន្ត្រីរាជការការិយាល័យជុំវិញស្រុក មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត សរុបមានអ្នកចូលរួមចំនួនប្រមាណ ២០០នាក់។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានលើកឡើងគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ យុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្ម សំដៅកសាងមូលដ្ឋានភាពស៊ាំ(Herd Immunity) សម្រាប់សុខភាពប្រជាជនយើងដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។


ដោយមានកំលាំងសាមគ្គីជាតិក្រោមមគ្គុទេសក៏ភាពដ៏មោះមុត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា យើងប្រាកដជានឹងទទួលបានជ័យជំនះទាំងស្រុងក្នុងការគ្រប់គ្រងកូវីដ-១៩ ដើម្បីនាំសង្គមជាតិយើងវិលទៅកាន់ប្រក្រតីភាពធម្មតាជាថ្មីឡើងវិញឆាប់រហ័ស សំរាប់បន្តជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពសំរាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និងប្រជាជនយើង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១