ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំត្រៀម និងមន្ត្រីជាន់ខ្ពស់អាស៊ាន លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ


រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូក្រសួងមុខងារ សាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាន លើកទី២១ (Preparatory Meeting and Senior Officials’ Meeting of the 21st ACCSM) តាមប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងមហាផ្ទៃនៃប្រទេសវៀតណាម។


កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារ ក្នុងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ និងមុខងារសាធារណៈបូកបី ឆ្នាំ២០២១-២០២៥ ដែលក្នុងនោះកម្ពុជាមានគម្រោងចំនួន៥ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២១ តទៅ ។


គម្រោងទាំងនោះរួមមាន ៖ (១) ទស្សនកិច្ចសិក្សាស្តីពីការផ្តល់សេវាសាធារណៈនៅប្រទេសចិន និងកូរ៉េខាងត្បូង (២) វេទិកាអាស៊ានបូកបី ស្តីពីការផ្តល់សេវាសាធារណៈ (៣) សិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំសម្រាប់ការកែទម្រង់ (៤) សិក្ខាសាលាស្តីពីឌីជីថលនីយកម្មក្នុងរដ្ឋបាលសាធារណៈ និង(៥) ការអភិវឌ្ឍមជ្ឈមណ្ឌលអាស៊ានបូកបីស្តីពីការស្រាវជ្រាវនិងនវានុវត្តន៍។


កិច្ចប្រជុំបានពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាង សេចក្ដីប្រកាសអាស៊ានស្ដីពីការជម្រុញ សមត្ថភាពមុខងារសាធារណៈឆ្លើយតបទៅនឹងការប្រឈមថ្មី ដែលផ្ដួចផ្ដើមឡើងដោយប្រទេសវៀតណាម។


ឯកសារនេះមានគោលដៅដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងការកែទម្រង់ ការអភិវឌ្ឍជំនាញមន្ត្រី រាជការ ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការផ្ដល់សេវាសាធារណៈ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចនិងសង្គម ឌីជីថល កិច្ចសហប្រតិបត្តិការអន្តរវិស័យនិងអន្តរសសរស្ដម្ភ និងអភិបាលកិច្ចល្អ ដើម្បីឆ្លើយតបទៅនឹងការប្រឈមក្នុងតំបន់ និងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅសកលលោក។


ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យមុខងារ សាធារណៈ ក្នុងការគាំទ្រការធ្វើអោយសម្រេចនូវចក្ខុវិស័យអាស៊ាន កិច្ចប្រជុំបានពិភាក្សា និងរៀបចំ ឯកសារក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ។


ឯកសារនេះបានកំណត់អំពីយន្តការ និងយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានាដែលរួមមាន ដៃគូសន្ទនា ដៃគូសន្ទនាតាមផ្នែក ដៃគូអភិវឌ្ឍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអង្គភាពពាក់ព័ន្ធអាស៊ាន។ល។


កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំឯកសារស្ដីពី “ទំនើបកម្មមុខងារសាធារណៈក្នុងអាស៊ាន ឆ្ពោះទៅមុខងារសាធារណៈរួចរាល់សម្រាប់ថ្ងៃអនាគត” ដែលរៀបចំឡើងដោយ KPMG នៃប្រទេសអូស្ត្រាលី។


ឯកសារនេះនឹងផ្ដល់ដល់អាស៊ាននូវការវិភាគអំពីស្ថានភាពបច្ចុប្បន្ន នៃវិស័យមុខងារសាធារណៈរបស់បណ្ដាប្រទេសសមាជិកអាស៊ាន និងបញ្ហាប្រឈមសំខាន់ៗ វិស័យអាទិភាពសម្រាប់ធ្វើទំនើបកម្ម និងផ្ដល់អនុសាសន៍សម្រាប់ការធ្វើទំនើបកម្មវិស័យមុខងារសាធារណៈ ដើម្បីឆ្លើយតបបានទៅនឹងការប្រឈមនានា និងឈានទៅសម្រេចអោយបាននូវមុខងារសាធារណៈដែលរួចរាល់សម្រាប់អនាគត។


ប្រធានគណៈប្រតិភូមុខងារសាធារណៈអាស៊ាន ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើម និងសកម្មភាពនានា ដើម្បីបន្តពង្រឹងបណ្តាញស្ថាប័នបណ្តុះបណ្តាលរដ្ឋបាលសាធារណៈរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការនៃប្រទេសសមាជិកអាស៊ាន។


ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ប្រធានប្រតិភូមុខងារសាធារណៈអាស៊ាន បានធ្វើការផ្លាស់ប្តូរទស្សនៈ ពាក់ពា័ន្ធនឹងស្ថានភាព និងវិធានការក្នុងការប្រយុទ្ធប្រឆាំងនៃការរាតត្បាតជំងឺកូវីដ១៩។


ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងអំពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដំណើរការចាក់វ៉ាក់សាំង និងផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ភាពក្រីក្រ និងភាពគ្មានការងារធ្វើ។


ឯកឧត្តមក៏បានលើកឡើងផងដែរអំពីវិធានការនានាដែលរួមមាន ៖ វិធានការផ្លូវច្បាប់ យន្តការស្ថាប័ន វិធានការរដ្ឋបាលនិងសុខាភិបាល ការគ្រប់គ្រងមន្ត្រីរាជការនិងការផ្ដល់សេវាសាធារណៈ ព្រមទាំងវិធានការសេដ្ឋកិច្ចនិងសង្គម ជាពិសេសលោកក៏បានសង្កត់ធ្ងន់លើវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលផងដែរ។ អនុសាសន៍ជាច្រើនត្រូវបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ ទាំងក្នុងកម្រិតជាតិ អាស៊ាន និងអាស៊ានបូកបី។


កិាប្រទេសសមាជិកទាំងអស់ បានវាយតម្លៃខ្ពស់និងមានមោទនភាពចំពោះកិច្ចប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន លើវិស័យមុខងារសាធារណៈ ទោះជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ /br>


កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កានិងផលិតភាពខ្ពស់ ផ្អែកលើស្មារតីជាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអាស៊ាន៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១