ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ លោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំ កម្ពុជាបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។


នៅក្នុងជំនួបនេះ ទាំងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី និងទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ប្រកបដោយក្ដីសោមនស្សរីករាយចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។


ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាលជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College of Singapore)។


ទន្ទឹមនឹងនោះ ផ្អែកលើសំណូមពររបស់កម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីក៏បានសន្យានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឱ្យដល់កម្រិតថ្នាក់ស្ថាប័នរដ្ឋទទួលបន្ទុកវិស័យមុខងារសាធារណៈ ជាបន្តទៅទៀត សំដៅរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១