ក្រុមការងារខេត្តក្រចេះ ចុះសហការរៀបចំការជ្រើសរើសអ្នកដឹកនាំភូមិថ្មី នៅឃុំព្រែកប្រសព្វ ក្នុងស្រុកព្រែកប្រសព្វ


ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះអមដំណើរដោយអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះនិងថ្នាក់ដឹកនាំមន្ត្រីរាជការដែលជាប្រធាន អនុប្រធាន និងជាសមាជិកក្រុមការងារស្រុកព្រែកប្រសព្វ បានចុះទៅជួបជាមួយតំណាងប្រជាពលរដ្ឋប្រមាណ ៥០នាក់ នៅភូមិអូរជ្រៃ ជាភូមិទើបបង្កើតថ្មីដែលបំបែកចេញពីភូមិព្រែកប្រសព្វលើនៃឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ តាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។


ជំនួបនេះដែលមានវត្ថុបំណងសំខាន់គឺការស្ទាបស្ទង់មតិរបស់ប្រជាពលរដ្ឋដើម្បីជ្រើសរើសមុខសញ្ញាអ្នកដែលមានលក្ខណៈសម្បត្តិអាចធ្វើជាបេក្ខជនសម្រាប់ការបោះឆ្នោតរបស់ក្រុមប្រឹក្សាឃុំ ក្នុងការជ្រើសរើសប្រធានភូមិថ្មី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តព្រះធម្មគង្គា ហៅវត្តភ្នំរអិល ដោយមានការចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក និងមន្ត្រីនៅមូលដ្ឋានជាច្រើនរូបទៀត។


បន្ទាប់ពីការថ្លែងមតិសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ដែលបានផ្តល់សារៈសំខាន់ទៅលើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំភូមិរួចមក ការបោះឆ្នោតដើម្បីស្ទាបស្ទង់មតិលើមុខសញ្ញា ៦នាក់ ក៏បានដំណើរការទៅដោយរលូន រហូតដល់ពេលបញ្ចប់ពិធី។


សូមបញ្ជាក់ថា ការរៀបចំស្ទាបស្ទង់មតិបែបនេះ ធ្វើឡើងជាគំរូសម្រាប់ភូមិបង្កើតថ្មីដទៃទៀតក្នុងស្រុកព្រែកប្រសព្វទាំងមូល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១