ក្រុមការងារស្រុកបាភ្នំ ចុះជួយលើកទឹកចិត្តមន្ត្រីអាជ្ញាធរមូលដ្ឋាន និងការិយាល័យសុខាភិបាល មន្ទីរពេទ្យបង្អែកស្រុក ដែលកំពុងរួមគ្នាប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩


ខេត្តព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារឃុំទាំង៩ បានចុះទៅជួបប្រជុំលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរមូលដ្ឋានស្រុក ការិយាល័យសុខាភិបាល និងមន្ទីរពេទ្យបង្អែកស្រុកដែលកំពុងប្រកៀកស្មារួមគ្នាប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលរាលដាលចេញពីព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ»។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងអស់លោកជាមេឃុំទាំងអស់ក្នុងស្រុកបាភ្នំ។


ក្រោយពីបានចូលរួមយោបល់លើរបាយការណ៍របស់ អភិបាលស្រុក និងប្រធានការិយាល័យសុខាភិបាលស្រុកអំពីស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការធ្វើចត្តាឡីស័កមុខសញ្ញាពាក់ព័ន្ធ និងការព្យាបាលអ្នកឆ្លងវិជ្ជមានជម្ងឺកូវីដ១៩ ម្នាក់រួចមកអង្គប្រជុំបានប្តេជ្ញាបន្តជម្រុញសកម្មភាពខ្លាំងក្លាថែមទៀតចូលរួមជាមួយ គណៈកម្មាធិការជាតិ ដើម្បីរួមគ្នាប្រយុទ្ធឱ្យឈ្នះកូវីដ១៩ សំដៅគ្រប់គ្រងស្ថានការណ៍រាតត្បាត នៃជម្ងឺឆ្លងដ៏កាចសាហាវនេះឱ្យបានយ៉ាងឆាប់រហ័ស។


សូមបញ្ជាក់ថា មកទល់ពេលនេះ ក្នុងស្រុកបាភ្នំមានអ្នកជម្ងឺកូវីដ១៩ម្នាក់ ដែលបានឆ្លងមេរោគវិជ្ជមានពីគ្រូពេទ្យ នៃគ្លីនិកឯកជន«អ៉ឹម សុភី»អ្នកលឿងហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងមានមុខសញ្ញាសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន ៤២នាក់ទៀតដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងអគារអនុវិទ្យាល័យឈើកាច់ព្រមទាំងមុខសញ្ញាចត្តាឡីស័កចំនួន៣២នាក់ផ្សេងទៀត ដែលជាពលករចំណាកស្រុកទើបត្រឡប់មកពីខេត្តព្រះសីហនុ និងពីប្រទេសថៃ។


ក្រុមការងារស្រុកបានឧបត្ថម្ភថវិកាចំនួន ៤លាន ៥សែនរៀល និងទឹកយែលលាងដៃដបធំចំនួន ៩៦ដប ដល់អ្នកជម្ងឺ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១