ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួបប្រជុំជាមួយគណៈអភិបាល និងមន្ត្រីមូលដ្ឋាន ដើម្បីរៀបចំការបង្កើតភូមិថ្មីចំនួន៣៧ នៅខេត្តក្រចេះ


ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សខេត្តឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អមដំណើរដោយឯកឧត្តម លោកជំទាវ លោកជាប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុងបានជួបប្រជុំជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងឯកឧត្តមអភិបាលរងដទៃទៀតព្រមទាំងលោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុងទាំង០៦ រួមជាមួយមន្ត្រីមូលដ្ឋានមួយចំនួនទៀត ដើម្បីពិភាក្សា និងលើកផែនការសកម្មភាពសម្រាប់ដំណើរការបង្កើតភូមិថ្មីចំនួន៣៧ ស្ថិតក្នុងឃុំ សង្កាត់១៧ នៃស្រុក ក្រុង០៥ ក្នុងខេត្តក្រចេះ ស្របតាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។


អង្គប្រជុំបានឯកភាពលើផែនការសកម្មភាពក្នុងដំណើរការ នៃកិច្ចសហការរវាងក្រុមការងារជាមួយនឹងរដ្ឋបាលខេត្ត ដើម្បីឈានទៅសម្រេចការបង្កើតភូមិថ្មីឱ្យបានចប់សព្វគ្រប់នៅមុនបំណាច់ឆមាសទី១ ឆ្នាំ២០២១នេះ។ ការរៀបចំភូមិថ្មីនេះ ត្រូវដើរទន្ទឹមជាមួយការរៀបចំរចនាសម្ព័ន្ធបក្សនៅមូលដ្ឋានដោយប្រមូលផ្តុំលើដំណើរការនៃការជ្រើសរើសថ្នាក់ដឹកនាំភូមិ មានមេភូមិ អនុភូមិ និងសមាជិកភូមិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមនីតិវិធីនៃការបង្កើតភូមិថ្មីតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ សំដៅបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍនៅមូលដ្ឋាន ព្រមទាំងបង្កបានប្រៀបនិងកំលាំងនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១