ឯកឧត្តមប្រធានក្រុមការងារខេត្តក្រចេះ ចុះសួរសុខទុក្ខលោកយាយចាស់ៗនៅឃុំដំរីផុង ស្រុកឆ្លូង ក្នុងឱកាសបុណ្យសិទ្ធិនារី ៨ មីនា


ខេត្តក្រចេះ៖ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារខេត្តក្រចេះរួមជាមួយសហការីជាមន្ត្រីដឹកនាំក្រសួង មន្ទីរ និងអស់លោក លោកស្រី ជាអភិបាលស្រុក មេឃុំ ព្រមទាំងមន្ត្រីមូលដ្ឋានភូមិ ឃុំមួយចំនួនទៀត បានចុះទៅសាកសួរសុខទុក្ខលោកយាយ លោកតាចាស់ៗដែលមានជីវភាពលំបាកខ្វះខាត។


ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តមុនីពោធិរុក្ខារាម ហៅវត្តដង្ហិត ដោយមានអ្នកចូលរួមចំនួន ៥៤នាក់ មកពីភូមិចំនួន៤ ក្នុងឃុំដំរីផុង ស្រុកឆ្លូង គឺភូមិដង្ហិត ភូមិប្រឡាយទ្រៀក ភូមិក្រូច និងភូមិ២៧សែនជ័យ។


បន្ទាប់ពីការសាកសួរព័ត៌មានផ្សេងៗ ការផ្លាស់ប្តូរមតិយោបល់ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋរួចមកឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិលើកទឹកចិត្តកំលាំងសាមគ្គីភាពក្នុងមូលដ្ឋានភូមិ ឃុំដែលជាគ្រឹះនៃសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។


ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានសំណូមពរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យពង្រឹងជំនឿជាក់មុតមាំលើមគ្គុទ្ទេសភាពប្រកបដោយបញ្ញាញ្ញាណដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការប្រយុទ្ធពុះពារដោះស្រាយបានរាល់ផលប៉ះពាល់ពីកូវីដ១៩ដើម្បីបុព្វហេតុសុខសន្តិភាព សុខុមាលភាពវិបុលភាពនិងវឌ្ឍនភាពរបស់ប្រទេសជាតិនិងប្រជាជនយើងជាដរាបតរៀងទៅ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១