ឯកឧត្តមប្រធានក្រុមការងារខេត្តក្រចេះ ចុះប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សក្នុងឃុំ៦ នៃស្រុកឆ្លូង


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារខេត្តក្រចេះ បានចុះទៅជួបមន្ត្រីមូលដ្ឋានដើម្បីប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សនៅក្នុងឃុំទាំង៦ នៃស្រុកឆ្លូង ស្ថិតតាមបណ្តោយត្រើយទន្លេមេគង្គគឺ ឃុំឆ្លូង កញ្ចរ ហាន់ជ័យ ខ្សាច់អណ្តែត ព្រែកសាម៉ាន់ និងពង្រ។


កិច្ចប្រជុំនេះដែលធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកឆ្លូង ដឹកនាំដោយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក ក្រុងទាំងអស់ក្នុងខេត្ត ឯកឧត្តមអភិបាល អភិបាលរង និងមន្ត្រីខេត្ត អភិបាល អភិបាលរងស្រុក ព្រមទាំង​ លោក លោកស្រីជាប្រធាន និងសមាជិកគណបក្សឃុំ ប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង២៩ សរុបអ្នកចូលរួមមានចំនួន ២១៨នាក់។


ក្រោយពីរបាយការណ៍ និងការពិភាក្សាយ៉ាងផុសផុលរវាងក្រុមការងារ ជាមួយមេឃុំ និងប្រធានភូមិទៅលើរចនាសម្ព័ន្ធ របៀបរបបគ្រប់គ្រងសមាជិកគណបក្សពីថ្នាក់ឃុំ ភូមិ ដល់ក្រុមបក្ស និងសមាជិករួចមក ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងមតិទៅកាន់អង្គប្រជុំទាំងមូលដោយសង្កត់ធ្ងន់ពីវត្ថុបំណងសំខាន់នៃការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមស្មារតីសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមមានជាអាទិ៍៖


– ការរួមសហការគ្នាជាកំលាំងសរុប ពីសំណាក់ក្រុមការងារគ្រប់ប្រភេទនៅមូលដ្ឋានក្នុងការសម្រេចកិច្ចការបំពេញលិខិតស្នាមទាំងឡាយ តាមគំរូមានស្រាប់ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីធានាការចុះបញ្ចីបច្ចុប្បន្នភាពសមាជិកគណបក្សមានលក្ខណៈឯកភាពនៅទូទាំងប្រទេស


– វិធីសាស្ត្រនៃការធ្វើបច្ចុប្បន្នភាព ត្រូវចុះផ្ទាល់ដល់ក្រុមបក្ស គ្រួសារបក្ស ខ្នងផ្ទះប្រជាជននីមួយៗផ្ទៀងផ្ទាត់ឱ្យបានជាក់លាក់ ប្រាកដប្រជាលើក្រដាសស្នាម និងបរិមាណជាក់ស្តែង ដើម្បីធានាថា សមាជិកម្នាក់គឺជាសន្លឹកឆ្នោតរបស់គណបក្សយើងមួយសន្លឹក សម្រាប់ការបោះឆ្នោតនាឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។


សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះដែរ ក្រុមការងារក៏បានផ្តល់ជូនឃុំនីមួយៗនិងឃុំកំពង់ដំរី នូវកុំព្យូទ័រ និងម៉ាស៊ីនព្រីនទ័រ ដែលជាអំណោយរបស់ឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារស្រុកឆ្លូង។