ឯកឧត្តមរដ្ឋមន្ត្រីមុខងារសាធារណៈ និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ឯកភាពគ្នាជម្រុញកិច្ចសហការទ្វេភាគីលើវិស័យមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ដេវយ៉ានី ឧ. ឃូប្រ៊ាហ្គឺដេ (Devyani. U. Khobragade) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។


ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៥២មកម្ល៉េះ ពិសេសនាដើមទស្សវត្សឆ្នាំ១៩៨០ ពោលគឺក្រោយពេលកម្ពុជាបានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។


ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពគ្នាខ្ពស់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងទ្វេឡើងលើវិស័យមុខងារសាធារណៈ បន្ថែមពីលើទំនាក់ទំនងកិច្ចប្រតិបត្តិការដែលមានស្រាប់កន្លងមក តាមរយៈការបណ្តុះបណ្តាលតាមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស របស់ឥណ្ឌា (ITEC) រួមមានជាអាទិ៍៖ គម្រោងនានាទាក់ទងនឹងវិស័យមុខងារសាធារណៈ ពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយនឹងក្រសួងគ្រប់គ្រងបុគ្គលិក បណ្តឹងសារទុក្ខ និងប្រាក់ សោធននិវត្តន៍ The Ministry of Personnel, Public Grievances and Pensions (MPPGP) លើការកសាងសមត្ថភាពស្ថាប័ន និងកម្មវិធីសហប្រតិបត្តិការជាក់ស្តែងរវាងសាលាភូមិន្ទរដ្ឋបាល និងមជ្ឈមណ្ឌលជាតិនៃអភិបាលកិច្ចល្អ (National Center of Good Governance) លើការបណ្តុះបណ្តាលមន្ត្រីរាជការ។ល។


ទន្ទឹមនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានស្នើជម្រើសសហប្រតិបត្តិការមួយទៀតជាលក្ខណៈត្រីភាគី រវាងប្រទេសកម្ពុជា ឥណ្ឌា និងសិង្ហបុរី តាមរយៈការពិនិត្យលទ្ធភាពរៀបចំអោយមានការបណ្តុះបណ្តាលដល់មន្ត្រីរាជការកម្ពុជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សឹង្ហបុរី (Cambodia-Singapore Cooperation Center) នៅភ្នំពេញ។


ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានប្តេជ្ញានឹងប្រែក្លាយនូវចំណុចដែលឯកភាពខាងលើ ឱ្យទៅជាសកម្មភាពសហការជាក់ស្តែងនាពេលខាងមុខ សំដៅរួមចំណែកបន្ដពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១