ចូលរួមអបអរសាទរខួប៤២ឆ្នាំ ថ្ងៃបុណ្យជាតិខ្មែរទាំងមូល ៧មករា ឯកឧត្តមប្រធានក្រុមការងារស្រុកបាភ្នំប្រជុំបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១


ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃ ៧មករា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សស្រុក ឯកឧត្តមប្រធានក្រុមការងារស្រុកបាភ្នំបានជួបប្រជុំធ្វើការបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២០ របស់ខ្លួន និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស អបអរសាទរខួប ៤២ឆ្នាំ ទិវាជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា «៧មករា ១៩៧៩-៧មករា ២០២១»។


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានដឹកនាំការ ប្រារព្វពិធីនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំទាំង៩ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាននិងសមាជិកក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុក មន្ត្រីមូលដ្ឋានជាមេឃុំ និងមេភូមិទាំង១០៨ ក្នុងស្រុកសរុបអ្នកចូលរួមទាំងអស់ប្រមាណជាង ២០០នាក់។


ជាដំបូង អង្គប្រជុំបានធ្វើការត្រួតពិនិត្យបូកសរុបសកម្មភាពការងារជាស្នាដៃសំខាន់ៗប្រចាំឆ្នាំ២០២០ ដែលរួមមានជាអាទិ៍ ការចូលរួមជួយដោះស្រាយបញ្ហាផ្សេងៗដែលជាសំណូមពរតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ ការគាំទ្រដល់វិធានការបង្ការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩ ពិសេសការរៀបចំដាក់ចត្តាឡីស័កចំពោះបងប្អូនពលករចំណាកស្រុកត្រឡប់មកពីក្រៅប្រទេស និងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតបណ្តាលមកពីវិបត្តិកូវីដ១៩។ល។


បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារបានធ្វើការពិភាក្សានិងបានឯកភាពគ្នាខ្ពស់ក្នុងការប្តេជ្ញាអនុវត្តឱ្យបានជោគជ័យនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ សំដៅចូលរួមចំណែកយ៉ាងសកម្មគាំទ្ររាល់គោលនយោបាយ និងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដោយជឿជាក់យ៉ាងមុតមាំថា យើងច្បាស់ជាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីបន្តជម្រុញបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរបស់មាតុភូមិសម្រាប់សុខុមាលភាព វិបុលភាព និងអនាគតរុងរឿងរបស់ប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។


ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានរំលឹកដល់អង្គពិធីទាំងមូល ពិសេសកូនចៅជំនាន់ក្រោយត្រូវចងចាំជាប់ជានិច្ចនូវមេរៀនជាប្រវត្តិសាស្ត្រពីអតីតកាល ពិសេសសច្ចធម៌ប្រវត្តិសាស្ត្រជាតម្លៃនៃគុណធម៌មនុស្សជាតិរបស់ ៧មករា ១៩៧៩ ដែលនាំមកនូវអ្វីទាំងអស់នាថ្ងៃនេះ ដើម្បីរួមគ្នាថែរក្សាការពាររាល់សមិទ្ធផលដែលសង្គមជាតិកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន និងទៅអនាគតតរៀងទៅ។

ព័ត៌មានទាក់ទង