ឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។


ក្នុងជំនួបនេះ ទាំងឯកឧត្តមរដ្ឋមន្ត្រី និងទាំងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរក្នុងរយៈពេល៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី ពិសេសចាប់ពីក្រោយពេលកម្ពុជា បានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។


ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើមនិងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យមុខងារសាធារណៈរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយក្រសួង ស្ថាប័នរុស្ស៊ីដែលមានការពាក់ព័ន្ធរួមមាន៖ ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ ទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលមន្ត្រីរាជការលើវិស័យមុខងារសាធារណៈ ព្រមទាំងរៀបចំឱ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិនិងរដ្ឋបាលសាធារណៈរុស្ស៊ី (the Russian Presidential Academy of National Economy and Public Administration)។


ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តមទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។