ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ ២​ ធ្នូ


ខេត្តក្រចេះ   កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥  នៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មាន​​ប្រារព្ធ​ធ្វើ​មីទ្ទិញ​អប​អរ​សាទរ​ខួបអនុស្សាវ​រីយ៍លើកទី៣៧ ​ទិវាកំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២ធ្នូ ​ ​ក្រោម​អធិ​បតីភាពឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​អនុប្រធានគណៈកម្មាធិកាកណ្តាល​ចុះជួយខេត្តក្រចេះ និងជា​ប្រធាន​ក្រុមការ​ងារ​ចុះជួយ​ស្រុក​ស្នួល​ ​ដោយ​មាន​ការ​​ចូលរួមពី​សមាជិក​ សមាជិកា​ ចំនួន ១៦០០​នាក់ ។

ឯកឧត្តម ពេជ្រ ប៊ុនធិន បានអាន​សារ​របស់​សម្តេច​អគ្គ​មហាពញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិរណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា ដែលបាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ធ្វើ​មីទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ​ទិវា​កំណើតរណសិរ្ស​២ធ្នូ ជា​ប្រវត្តិ​សាស្ត្រ​ដែល​បាន​រំដោះ និង​សង្គ្រោះ​ជាតិ​មាតុភូមិ​ និង​ប្រជា​ជន​កម្ពុជាឲ្យរស់រាន​មានជីវិត​ឡើង​វិញ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ និងការ​កាប់​សម្លាប់​នៃរបប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ប៉ុលពត ។​ ​ផ្អែក​លើ​មូលដ្ឋាននេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រជា​ជន​កម្ពុជា​នៅចងចាំ​បានថា រណសិរ្ស២​ធ្នូ​ គឺ​ជាបុព្វ​ការី​ដ៏មាន​មហា​គុណូបការៈ​ចំពោះ​ជា​តិ និង​ប្រជា​ជន​កម្ពុជា​ ស្របនឹង​ទិស​ស្លោក​ជា​សច្ច​ធម៌​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ថា​ មានថ្ងៃ២ធ្នូ​ ទើបមានថ្ងៃ៧​មករា ​មាន​ថ្ងៃ៧មករា​ ​ទើបមានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ ក្រោមការដឹក​នាំប្រកប​ដោយ​គតិ​បណ្ឌិតដ៏ខ្ពង់​ខ្ពស់​របស់សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន សែន​ នាយករ​ដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។