សិក្ខាសាលាអាស៊ានអនឡាញស្ដីពី “ការកសាងសមត្ថភាពក្នុងការអភិវឌ្ឍកម្មវីធីសិក្សានៃការបណ្ដុះបណ្ដាល តាមប្រព័ន្ធអេឡិចត្រូនិក (Capacity Building on Developing a Module for E-Learning)” ដែលរៀបចំដោយនាយកដ្ឋានសេវាសាធារណៈរបស់ប្រទេសម៉ាឡេស៊ី


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ០៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈចំនួន ០៤ នាក់ បានចូលរួមសិក្ខាសាលាអាស៊ានអនឡាញស្ដីពី “ការកសាងសមត្ថភាពក្នុងការអភិវឌ្ឍកម្មវីធីសិក្សានៃការបណ្ដុះបណ្ដាល តាមប្រព័ន្ធអេឡិចត្រូនិក (Capacity Building on Developing a Module for E-Learning)” ដែលរៀបចំដោយនាយកដ្ឋានសេវាសាធារណៈរបស់ប្រទេសម៉ាឡេស៊ី។


សិក្ខាសាលានេះ មានសមាសភាពចូលរួមពីមន្រ្តីរាជការ ACCSM នៃបណ្ដាប្រទេសសមាជិក អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរទស្សនវិស័យ និងចំណេះដឹង ស្តីពីគំនិតផ្ដួចផ្ដើមក្នុងការបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិក ដែលរួមបញ្ចូលទាំងការរៀបចំគម្រោង ប្លង់ និងការអភិវឌ្ឍនៃកម្មវិធីសិក្សា។


ខ្លឹមសារសំខាន់នៃសិក្ខាសាលានេះ រួមមាន៖

• និន្នាការថ្មីៗនៃការបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិក (ដោយប្រើកម្មវិធី Zoom, Microsoft Team និង Google Class Room) និងរបៀបនៃការអភិវឌ្ឍ វិភាគ និងធ្វើគម្រោងប្លង់នៃមាតិការកម្មវិធីសិក្សា ។

• ឧត្តមានុវត្តនៃការបណ្ដុះបណ្ដាល បម្រើសេវាកម្ម តាមរយៈប្រព័ន្ធអេឡិចត្រូនិកដោយប្រើ ប្រាស់ Cloud ដើម្បីផ្លាស់ប្តូរក្នុងការគ្រប់គ្រង ។

• ការបណ្ដុះបណ្ដាលដល់មន្រ្តីរាជការលើវិស័យសាធារណៈ តាមកម្មវិធីប្រព័ន្ធអេឡិចត្រូនិក EPSA របស់រដ្ឋាបាលម៉ាឡេស៊ី​ ។

• ការអភិវឌ្ឍមាតិការវគ្គបណ្តុះបណ្តាលនៃកម្មវិធីសិក្សា នៅក្នុងប្រព័ន្ធ EPSA ។

• ការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍកម្មវិធីសិក្សានៃការគ្រប់គ្រងហិរញ្ញវត្ថុ តាមប្រព័ន្ធ EPSA ។


សិក្ខាសាលាខាងលើ បានបញ្ចប់ដោយជោគជ័យ និងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយស្មារតី សាមគ្គីភាពគ្នាខ្ពស់ ។