ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈចុះសួរសុខទុក្ខមន្រ្តីរាជការក្នុងក្រសួងដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមដំណើរដោយលោកស្រី អស់លោកជាថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខណ្ឌដង្កោ បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខមន្រ្តីរាជការចំនួន១១ នាក់ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តបុរីពិភពថ្មី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពេលជួបសួរសុខទុក្ខនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវសមានចិត្តអណិតអាសូរដល់មន្រ្តីទាំងអស់ដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាជៀសឲ្យផុតពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងបណ្តាលមកពីទឹកជំនន់។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានឧបត្ថម្ភថវិកាដែលបានមកពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្នុងនោះមន្រ្តីរងគ្រោះទឹកលិចដល់ដំបូលផ្ទះ ចំនួន២នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១,២ លានរៀល មន្រ្តីរងគ្រោះទឹកលិចត្រឹមចង្កេះចំនួន៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១,១ លានរៀល និងមន្រ្តីរងគ្រោះទឹកលិចត្រឹមជង្គង់ ចំនួន៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៩០ ម៉ឺនរៀល។ ដោយឡែកមន្រ្តីមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យ ចំនួន១នាក់ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដែរនោះ ក្រុមការងាររបស់ក្រសួងនឹងចាត់ចែងរៀបចំឧបត្ថម្ភជូននៅពេលខាងមុខ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១