ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បន្តចុះជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាននៅក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ


ខេត្តក្រចេះ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ អមដំណើរផងដែរដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី អស់លោកជាសមាជិកសភា ជាមន្ត្រីរាជការមួយចំនួនតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះទៅជួបសំណេះសំណាលជាមួយមេឃុំ ចៅសង្កាត់ មេភូមិ និងមន្ត្រីមូលដ្ឋានក្នុងស្រុកចិត្របុរី និងក្រុងក្រចេះប្រមាណ ២៧០នាក់ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។


សូមបញ្ជាក់ថា នេះជាដំណើរចុះជួបសំណេះសំណាលលើកទី៦ ក្នុងរយៈពេលជាងមួយខែជាមួយមន្ត្រីមូលដ្ឋានភូមិ ឃុំ នៅស្រុក ក្រុងទាំង៦ក្នុងខេត្ត របស់លោក ព្រុំ សុខា បន្ទាប់ពីលោកត្រូវបានទទួលភារកិច្ចជាប្រធានក្រុមការងារខេត្តក្រចេះ។


ជាដំបូង លោកអភិបាលខេត្ត លោកអភិបាលក្រុងក្រចេះ និងលោកអភិបាលស្រុកចិត្របុរី បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពជាក់ស្តែងជារួម និងបញ្ហាប្រឈមខ្លះនៅក្នុងខេត្តក្រចេះ និងតាមមូលដ្ឋាននានាទាក់ទងនឹងផ្នែកសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងប្រជាពលរដ្ឋ។


ក្នុងជំនួបសំសំណេះសំណាលនេះ លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ បានថ្លែងអំណរគុណកោតសរសើរចំពោះស្នាដៃការងាររបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីមូលដ្ឋាននៅខេត្តក្រចេះដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យ និងសមិទ្ធផលធំធេងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។


លោកប្រធានក្រុមការងារខេត្ត បានគូសបញ្ជាក់ថា ទោះបីកម្ពុជានៅកំពុងបន្តប្រយុទ្ធប្រឆាំងកូវីដ១៩ ក៏ដូចជាប្រឈមចំពោះផលប៉ះពាល់បង្កដោយវិបត្តិនៃជំងឺរាតត្បាតជាសកលនេះក៏ដោយក្តី ប៉ុន្តែយើងមានជំនឿចិត្តរឹងមាំថា កំលាំងសាមគ្គីប្រជាជាតិក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាជំនះបានរាល់ការលំបាកឧបសគ្គ នាំសង្គមជាតិយើងទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញឆាប់រហ័ស ដើម្បីសុខសន្តិភាព វឌ្ឍនភាព និងអនាគតរុងរឿងថ្កុំថ្កើងរបស់ប្រជាជនយើងគ្រប់ជំនាន់។


ចុងបញ្ចប់ លោកប្រធានក្រុមការងារខេត្ត ក៏បានជម្រុញលើកទឹកចិត្តមន្ត្រីរាជការ និងមន្ត្រីភូមិ ឃុំ ឱ្យរួមគ្នាបន្តពង្រីកលទ្ធផលនៃការងារពង្រឹងមូលដ្ឋាន ដើម្បីប្រយុទ្ធឈ្នះកូវីដ១៩ រក្សាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសហគមន៍ និងបង្កើនឥទ្ធិពលរបស់បក្ស និងរដ្ឋអំណាចនៅមូលដ្ឋាន សំដៅធានាប្រៀបនយោបាយសំរាប់ការបោះឆ្នោតនៅពេលខាងមុខ។