ក្រុមការងារស្រុកបាភ្នំជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តព្រៃវែង៖ រយៈពេលមួយថ្ងៃមុនពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារឃុំទាំង៩ក្នុងស្រុកបាភ្នំបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកសរុបមានចំនួនប្រមាណ ៣.០០០នាក់ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ក្នុងចំណោមបងប្អូនទាំងអស់នេះមានអ្នកខ្លះដែលបាត់បង់ការងារកំពុងរស់នៅមូលដ្ឋានស្រាប់ដោយសារផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ និងអ្នកខ្លះទៀតបន្តបំពេញការងារនៅកន្លែងផ្សេងៗហើយបានវិលត្រឡប់មកចូលរួមពិធីបុណ្យជាមួយក្រុមញាតិគ្រួសារ។

ដោយឡែកនៅរសៀលថ្ងៃដដែលនេះមានការជួបសំណេះសំណាលមួយរៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំដោយមានបងប្អូនចំណាកស្រុកមកពីគ្រប់ភូមិទាំង១០៨ ក្នុងស្រុក ចំនួនប្រមាណជាង ៣០០នាក់ ភាគច្រើនជាអ្នកដែលបានវិលត្រឡប់មករួមរស់ជាមួយក្រុមញាតិគ្រួសារវិញក្រោយពេលដែលត្រូវបាត់បង់ការងារដោយសារវិបត្តិកូវីដ១៩។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលជូនចំពោះបងប្អូនកម្មករ ពលករចំណាកស្រុកទាំងអស់ ដែលបានយោគយល់ស្ថានភាពជាក់ស្តែងរបស់សង្គមជាតិដោយបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យសភាពការណ៍ទូទៅលើគ្រប់វិស័យជាអាទិ៍៖ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្នែកសុខភាពសាធារណៈ និងផ្នែកសេដ្ឋកិច្ច-សង្គម ត្រូវបានថែរក្សាប្រកបដោយស្ថិរភាពយ៉ាងរឹងមាំបង្កលក្ខណៈឱ្យសង្គមជាតិបន្តមានសុខសន្តិភាពនិងការអភិវឌ្ឍជាប្រក្រតី។

ឯកឧត្តមប្រធានក្រុមការងារក៏បានអំពាវនាវឱ្យបងប្អូនទាំងអស់បន្តពង្រឹងជំនឿជឿជាក់លើកំលាំងខ្លួនឯង លើកំលាំងសាមគ្គីប្រជាជាតិទាំងមូលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ថាយើងពិតជាប្រយុទ្ធប្រឆាំងឈ្នះកូវីដ១៩ ហើយជំនះបានរាល់វិបត្តិដែលជាផលប៉ះពាល់បង្កឡើងដោយការរាតត្បាតជាសកលនៃមេរោគដ៏កាចសាហាវនេះ ដើម្បីនាំសង្គមជាតិទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ សម្រាប់អនាគតរុងរឿងរបស់ប្រទេសជាតិនិងប្រជាជនយើង។

ព័ត៌មានទាក់ទង