ជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយនឹងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមចំណែកលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ

រាជធានីភ្នំពេញ៖ ក្នុងពេលជួបពិភាក្សាការងាររវាងឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយ លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ភាគីទាំងពីរបានវាយតំលៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-បារាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យមុខងារសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៍បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តការបន្តទៅទៀតដោយផ្តោត លើសកម្មភាពសំខាន់ៗចំនួនបី៖(១)ការបន្តអនុវត្តជាក់ស្តែងថែមទៀតនូវអនុស្សារណៈនៃការយោគយល់(MoU) ដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា(ERA)ជាមួយនឹងសាលាជាតិរដ្ឋបាលបារាំង(ENA) ដោយខិតខំជម្នះស្ថានភាព Covid-19 តាមវិធីនិងមធ្យោបាយផ្សេងៗទៀត។(២)ការផ្តល់ការបណ្តុះបណ្តាលដែលមានភាពទាក់ទាញនិងប្រសិទ្ធភាពចំពោះមន្ត្រីរាជការកម្ពុជា តាមរយះកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនៃប្រទេសប្រើប្រាស់ភាសាបារាំង(Francophonie)។ (៣)ការរៀបចំអាហារូបករណ៍បែបសហហិរញ្ញប្បទាន(Co-financement)ដើម្បីបញ្ជូនមន្រ្តីកម្ពុជាដែលមានសមត្ថភាពឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសបារាំងជាភាសាបារាំងនិងភាសាអង់គ្លេស។

ជាចុងក្រោយនៃជំនួបនេះទាំងឯកឧត្តមព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទាំងលោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តការល្អប្រសើរក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ នឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងបារាំង។

ព័ត៌មានទាក់ទង