ក្រុមការងារចំណាកស្រុកខេត្តព្រៃវែងប្រជុំពិភាក្សាការបន្តជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តព្រៃវែង ក្រុមការងារចំណាកស្រុកបានជួបប្រជុំពិភាក្សាការងារនិងលើកផែនការសកម្មភាព ដើម្បីជួបសំណេះសំណាលផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ដែលនឹងវិលត្រឡប់មកចូលរួមជាមួយក្រុមញាតិគ្រួសារតាមមូលដ្ឋាន ប្រារព្ធឆ្លងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខ។

ផ្អែកលើលទ្ធផលល្អប្រសើរនៃការជួបប្រាស្រ័យផ្ទាល់ជាមួយបងប្អូនចំណាកស្រុកប្រមាណជាង ៣០.០០០នាក់ កាលពីពេលថ្មីៗកន្លងទៅក្នុងឱកាសនៃការឈប់សម្រាកជាង១សប្តាហ៍សងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អង្គប្រជុំបានសម្រេចជំរុញការរៀបចំកម្មវិធីបែបនេះជាបន្តទៅទៀតនៅក្នុងមូលដ្ឋានស្រុកភូមិទូទាំងខេត្តតាមរូបភាពនិងខ្លឹមសារដដែល ដោយត្រូវយកចិត្តទុកដាក់ចាត់តាំងចលនាសកម្មភាពឱ្យកាន់តែសកម្មនិងរស់រវើកថែមទៀត ហើយត្រូវធ្វើយ៉ាងណាឱ្យការសំណេះសំណាលក្លាយជាសារនយោបាយនៃបច្ចុប្បន្នភាព សំដៅបង្កើនជំនឿជឿជាក់កាន់តែរឹងមាំថែមទៀតរបស់មហាជនប្រជាជនជាទូទៅមកលើរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

ព័ត៌មានទាក់ទង