ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាដែលជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង


ខេត្តព្រៃវែង៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាដើម្បីកសាងអគារសិក្សា ០១ខ្នង មាន ០៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច ជូនចំពោះសាលាបឋមសិក្សាពងពស់ ស្ថិតនៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោកស្រី អស់លោកមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្រុមការងារឃុំ ស្រុក អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានសរុបប្រមាណចំនួន ២៥០ នាក់។

ថ្លែងទៅកាន់អង្គពិធីក្នុងឱកាសនោះ ឯកឧត្ដម ព្រុំ សុខា បានរំលឹកដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានឱ្យ ខិតខំយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបន្តជួយ ជ្រោមជ្រែងប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាជនក្រីក្រនិងងាយរងគ្រោះឱ្យជំនះបានរាល់ការលំបាកខ្វះខាត បណ្តាល មកពីវិបត្តិកូវីដ១៩។

រួមមានជាអាទិ៍៖ ការបន្តប្រុងប្រយ័ត្នម៉ឺងម៉ាត់បង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា ការចែកប័ណ្ណសមធម៌ទទួលអំណោយសាច់ប្រាក់ពីរាជរដ្ឋាភិបាលឱ្យបានត្រឹមត្រូវ ការលើកទឹកចិត្តដល់ការបង្កបង្កើនផលកសិកម្ម វារីវប្បកម្ម ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗទៀតនៅមូលដ្ឋាន។ល។

បន្ទាប់ពីការប្រារព្ធពិធីតាមប្រពៃណីព្រះពុទ្ធសាសនារួចមក ក៏មានការចែកអំណោយជាស្បៀង សម្ភារ ថវិកាជូនចំពោះបងប្អូនប្រជាជនក្រីក្រចំនួន ៦០គ្រួសារផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១