ជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយនឹងឯកឧត្ដមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ


រាជធានីភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជានារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានលើកឡើងពីសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការបន្តទៀតរវាងភាគីទាំងពីរទៅលើវិស័យសាធារណៈដែលបម្រើឱ្យកម្មវិធីសំខាន់ៗនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិ បាលជាអាទិ៍៖ កំណែទម្រង់វិមជ្ឈការ ភាពដឹកនាំរបស់ស្ត្រី និងគណនេយ្យភាពសង្គម។ល។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានសម្តែងនូវការគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងកិច្ចសហប្រតិបត្តិការជួយផ្នែកសាធារណៈរបស់កម្ពុជាបន្តទៀតលើវិស័យសុខភាពសាធារណៈពិសេសជំនួយផ្នែកសុខាភិបាលសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស វិស័យអភិវឌ្ឍជនបទនិងសង្គមកិច្ច ដែលរួមចំណែកជួយដល់ដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រងាយរងគ្រោះដោយវិបត្តិកូវីដ១៩។ល។

ជាចុងក្រោយនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពជម្រុញកិច្ចសហការលើវិស័យសាធារណៈបន្តទៀតដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១