ឯកឧត្ដមរដ្ឋមន្ត្រី បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមុខងារសាធាណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធាណៈ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា។ ក្នុងឱកាសជួបសំដែងការគួរសមនោះផងដែរ ភាគីទាំងសងខាងបានឯកភាពវាយតម្លៃខ្ពស់ ពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងតួកគី ក្រោយដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានៅ សាធារណរដ្ឋតួកគី កាលពីចុងឆ្នាំ២០១៨ និងទស្សនកិច្ចបន្តមកទៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០។

នៅក្នុងជំនួបនោះផងដែរ ទាំងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវឯកអគ្គរដ្ឋទូតតួកគី ក៏បានឯកភាពគ្នាយ៉ាងខ្ពស់ លើការប្រឹងប្រែងដើម្បីកសាងឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យមុខងារសាធារណៈ ពិសេសផ្នែកអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រាជដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងតួកគី៕

ព័ត៌មានទាក់ទង