ក្រុមការងារស្រុកបាភ្នំចុះជួយពិនិត្យផ្ទៀងផ្ទាត់បញ្ជីអត្តញ្ញាណកម្មគ្រួសារក្រីក្រ


ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារឃុំទាំង៩ និងមន្ត្រី អាជ្ញាធរមូលដ្ឋានបានចុះទៅជួយពិនិត្យផ្ទៀងផ្ទាត់បញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។


ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ជឹម អាន មេឃុំរោងដំរីស្តីពីដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលមានចំនួនសរុប ៣៧ គ្រួសារ ក្នុងឃុំរួចមក លោកប្រធានក្រុមការងារបានធ្វើការសំណេះសំណាលនិងសាកសួរយោបល់អ្នកចូលរួមប្រជុំទាំងអស់ ៧៦ នាក់ ដែលបានមកជួបប្រមូលផ្តុំតាមកន្លែងដាច់ដោយឡែកពីគ្នានៅភូមិព្រៃភ្ងាមនិងភូមិកន្ទ្រាន ហើយពួកគាត់គឺជាតំណាងឱ្យគ្រួសារទាំងអស់ក្នុងឃុំដែលកំពុងជួបការលំបាកខ្វះខាតជីវភាពបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩។ ព័ត៌មានដែលបានផ្តល់មកពីតំណាងគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជាក់បន្ថែមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានជួយឱ្យក្រុមការងារមានមូលដ្ឋានក្នុងការជួយពិនិត្យផ្ទៀងផ្ទាត់ ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានសុក្រឹត្យភាពនូវការកំណត់បញ្ជីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានឱ្យបន្តចូលរួមអនុវត្តដោយខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់និងជៀសវាងឱ្យបាននូវការចម្លងមេរោគកូរ៉ូណា នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ទន្ទឹមនោះ សមាជិកម្នាក់ៗ និងគ្រួសារនីមួយៗដោយមានការគាំទ្រពីក្រុមការងារទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពុះពារជំនះរាល់ការលំបាកខ្វះខាតសព្វបែបយ៉ាង ដែលជាផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ ដើម្បីចូលរួមចំណែកក្នុងការរក្សាស្ថិរភាព និងប្រក្រតីភាពនៃជីវភាពរស់នៅក្នុងសហគមន៍មូលដ្ឋាន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១