ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមការងារ ចុះជួបកម្មករ ពលករចំណាកស្រុកនិងប្រជាពលរដ្ឋនៅមូលដ្ឋាន


ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសា​ធារណៈ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងសហការី ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ព្រមទាំងលោកស្រី អស់លោកក្នុងក្រុមការងារចុះជួយឃុំធាយ និងស្រុកបាភ្នំ បានចុះទៅជួបសាកសួរសុខទុក្ខកម្មករ ពលករចំណាកស្រុកនិងប្រជាពលរដ្ឋ មកពីភូមិទាំង១៨ក្នុងឃុំដែលបានមកជួបជុំប្រមូលផ្តុំគ្នានៅ៥កន្លែងផ្សេងគ្នាសរុបចំនួន ១១០នាក់ តំណាងឱ្យគ្រួសារជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។


ក្នុងពេលជួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារបានលើកឡើងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់របស់បងប្អូនកម្មករ ពលករចំណាកស្រុកនិងក្រុមញាតិគ្រួសាររបស់ខ្លួន រួមជាមួយការជ្រោមជ្រែងជាប្រចាំរបស់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ដែលបានពុះពារការលំបាកជម្នះរាល់បញ្ហាប្រឈមជាផលប៉ះពាល់នៃជំងឺកូវីដ១៩។ ទោះបីជាមានចលនារបស់ប្រជា​ពលរដ្ឋចំណាកស្រុកចេញចូលមូលដ្ឋានជាបន្តបន្ទាប់អាស្រ័យដោយស្ថានភាពមុខរបរនិងការងារ ហើយពេលខ្លះទៀតតម្រូវឱ្យមានការធ្វើចត្តាឡីស័កចំពោះបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេសក៏ដោយក្តី ប៉ុន្តែលើការជាក់ស្តែងការខិតខំប្រឹងប្រែងរួមនេះ បានរួមចំណែកយ៉ាងសំខាន់ទប់ស្កាត់មិនឱ្យជំងឺដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍បានឡើយ។ ហេតុនេះស្របតាមការអំពាវនាវរបស់ប្រមុខរាជ​រដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលខាងមុខនេះ ទន្ទឹមនឹងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់ឱ្យបាននូវការរីករាលដាលជាលើកទី២ យើងទាំងអស់គ្នាត្រូវបន្តសាមគ្គីជួយយកអាសារគ្នាក្នុងគ្រួសារនិងក្នុងសហគមន៍ភូមិឃុំនីមួយៗ រួមគ្នាជម្នះការលំបាកជាបណ្តោះអាសន្នសំដៅតស៊ូប្រយុទ្ធឱ្យឈ្នះកូវីដ១៩ ក៏ដូចជាពុះពារដោះស្រាយឱ្យបាននូវរាល់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម ដើម្បីនាំសង្គមជាតិយើងត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីនិងក្រុមការងារក៏បានជូនអំណោយមួយចំនួនដល់ប្រជាពលរដ្ឋរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ទឹកសុទ្ធ ម៉ាសពាក់មុខ សាប៊ូលាងដៃនិងថវិកាមួយចំនួនផង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១