ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈទទួលជួបការសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឲ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។


ជាកិច្ចចាប់ផ្តើម ជាមួយនឹងការសំដែងនូវសេចក្តីអបអរសាទរជូនចំពោះឯកឧត្តម ព្រុំ សុខា ដែលទើបបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកបានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីពីការងារពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងបានលើកឡើងពីបំណងចង់ឲ្យមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងផ្នែកមុខងារសាធារណៈនៃប្រទេសទាំងពីរ។


ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថាវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅក្រសួងមុខងារសាធារណៈនាថ្ងៃនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសយើងទាំងពីរ។ តាមរយៈជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរសង្ឃឹមថានឹងស្វែងរកបាននូវឱកាសដើម្បីជំរុញឲ្យមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវិស័យមុខងារសាធារណៈ សំដៅរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេរភាគី ដើម្បីជាប្រយោជន៍ដល់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា សហរដ្ឋអាមេរិក។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១